ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ចុះត្រួតពិនិត្យដំណាំស្រូវដែលលិចលង់ក្នុងខេត្តកំពង់ធំ ខណៈទឹកជំនន់លិចផ្ទះពលរដ្ឋ​ជាង ៥ពាន់ខ្នង​

image

អត្ថបទ ៖កែម ចិន្តា ​

កំពង់ធំ៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី ១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពងខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលក្នុងប៉ុន្មានថ្ងៃមកនេះបានរងគ្រោះដោយ ទឹកជំនន់ទឹកភ្លៀង កាលពីល្ងាច​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

ក្នុងគ្រានោះ ទេសរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខ អាណិតស្រឡាញ់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធចំពោះបង ប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ។ ទោះជាទឹកចាប់ផ្តើមស្រកទៅវិញជាបណ្តើរក៏សម្តេច ទាំងពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។

ក្នុងនោះដែរ​ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសរសើរខ្ពស់ដល់រដ្ឋបាលស្រុកស្ទោង និងអាជ្ញាធរខេត្តកំពង់ធំបន្តសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងដំណាក់កាលទឹកកំពុងស្រកទៅវិញនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុកស្ទោង និងធ្វើការចែកជំនួយដល់៥០០គ្រួសារ បន្ថែមទៀតដែលជាជំនួយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន​ នៅថ្ងៃទី០២ ខែតុលា  ឆ្នាំ២០២២នេះ នៅសាលាស្រុកស្ទោង។

     

ក្នុងឱកាសនេះទេសរដ្ឋមន្ត្រីបានបញ្ជាក់ពីការសន្និដ្ឋានសភាពការណ៍ថា ស្ថានភាពគ្រោះពីជំនន់ទឹកភ្លៀងនាពេលនេះគឺបានធូរស្រាលជាបណ្តើរៗ ហើយចំពោះការខូចខាតក៏មិនមានទំហំធំធេងនោះទេ ។ បន្ថែមលើសពីនេះ ដើម្បីជាគិតគូរដល់ការស្តារជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ។

     

ជាមួយគ្នានេះទេសរដ្ឋមន្ត្រីបានដាក់បទបញ្ជា ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងស្រុក ឱ្យសិក្សាលំអិតពីការខូចខាតដល់ផ្លូវលំជនបទនានា ហើយបន្តសហការជាមួយក្រសួង និងមន្ទីរជំនាញ ធ្វើការស្តារឡើងវិញជាបន្ទាន់ពេលទឹកស្រកអស់ ដើម្បីជួយសម្រួលដល់ការប្រកបរបរក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងវិញ។

លោក សាយ គឹមឡម អភិបាលស្រុកបានប្រាប់CNCនៅ​ថ្ងៃទី០២ ខែតុលា នេះថា មកដល់ពេលនេះប្រជាពលរដ្ឋក្នុងស្រុកស្ទោងទាំងមូលបានរងការប៉ះពាល់ផ្ទះសម្បែងជាង៥.០០០ខ្នងផ្ទះហើយ។ ក្នុងនោះដែររដ្ឋបាលស្រុកស្ទោងបានផ្តួចផ្តើមកៀរគរមូលពីមជ្ឈដ្ឋាននានាជួយផ្តល់ជាជំនួយសម្រាលទុក្ខលំបាករបស់គ្រួសារ ងាយរងគ្រោះបំផុតបានសរុបចំនួន ១.១៣២គ្រួសាររួចហើយ។ 

លោកអភិបាលស្រុកស្ទោងបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង នៅស្រុកស្ទោង សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ទទួលរងផលប៉ះពាល់​រួមមាន  ភូមិដែលរងគ្រោះដោយទឹកជំនន់ចំនួន ៥២ ភូមិលើ៨ឃុំស្មើនឹង ៥.៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន ៤.៦២៦ខ្នងផ្ទះ, លិចទីធ្លាសាលារៀនចំនួន២០សាលា និងផ្អាកបង្រៀនបណ្តោះអាសន្ន និងលិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល  ចំណែកស្ថានភាពទឹកជំនន់ក្នុងថ្ងៃនេះ ស្រកច្រើន បើធៀបកាលពីម្សិលមិញ៕