ស្រុកកំពង់ស្វាយ រងការខូចខាតហេដ្ឋារចនាសម័្ពន្ពជាច្រើន លិចផ្ទះចំនូនជិត៤ពាន់ខ្នងផ្ទះ និងផ្នែកកសិកម្មអស់ជិត ៧ពាន់ហិកតា

អត្ថបទ៖ កែម ចិន្តា
កំពង់ធំ៖ លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានឲ្យ CNC ដឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះថា ហេដ្ឋារចនាសម័្ពន្ធក្នុងស្រុកត្រូវបានរងការខូចខាតអស់ជាច្រើនកន្លែង រួមទាំងផលដំណាំស្រូវស្រែប្រជាពរដ្ឋជាច្រើនហិកតា លើសពីនោះទៀតទឹកជំនន់នេះបានលិចលង់អស់ជិត៣,០០០ខ្នងផ្ទះផងដែរ ។
លោកអភិបាលស្រុកកំពង់ស្វាយបានបន្តថា គិតត្រឹមថ្ងៃទី០១ ខែតុលានេះថា ទន្និន័យស្តីពីគ្រោះមហន្តរាយតាមបណ្តាលឃុំ ក្នុងស្រុកកំពង់ស្វាយ រួមមាន៖ កម្ពស់ទឹក ១៣,៤៧ម៉ែត្រ ជន្លៀសប្រជាពលរដ្ឋចំនួន ២៤ខ្នងផ្ទះ, ជម្លៀសសត្វពាហនៈចំនួន ២១៣ក្បាល, ប៉ពាល់ស្រូវចំនួន ៦,៣៨១ហិកតា ខូចខាតស្រូវទាំងស្រុងចំនួន ៤,៥៤៤ហិកតា, លិចដីផ្ទះសម្បែងពលរដ្ឋចំនូន ៣,៨៤០ខ្នងផ្ទះ, លិចផ្លូវកៅស៊ូប្រវែង ៧៥០ម៉ែត្រ, លិចផ្លូវគ្រួសក្រហមប្រវែង ៥,១៥០ម៉ែត្រ, លិចផ្លូវដី ៥៥៣ម៉ែត្រ និងខូចខាតស្ពាន ២កន្លែងផងដែរ ។
លោកអភិបាលស្រុកកំពង់ស្វាយបានបន្ថែមថា ទឹកហក់ឆាប់ពេកក្នុងការវាយតម្លៃសន្និដ្ឋានជាតួលេខជាក់ស្ដែង ហើយការខូចខាតបណ្ដាលពីការហូរជន់ជោរនៃទឹកជំនន់ទឹកភ្លៀង រួមទាំងទឹកហូរមកពីខេត្តព្រះវិហារផងដែរ ស្ថានការណ៍នេះ គឺអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានចូលរួមជួយនោះគឺ រដ្ឋបាលស្រុកគ្រប់គ្រងស្ថានភាពបាន ទាំងការជួយគាត់ឲ្យមានសុវត្ថិភាព និងការផ្ដល់ស្បៀងអាហារ គឺយើងអាចគ្រប់គ្រងស្ថានភាពបានមួយកម្រិតផងដែរ ។
លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះទាំងនោះ ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះរួមមានចាស់ជរា ជនពិការ និងកុមារទទួលរងផលប៉ះពាល់ផ្ទាល់ខ្លាំងជាងគេ។ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់និងប្រព័ន្ធគមនាគមន៍ត្រូវរអាក់រអួលក្នុងអំឡុងពេលជំនន់ទឹកភ្លៀង។ជីវភាពរស់នៅប្រចាំថ្ងៃ ការរកចំណូលចិញ្ចឹមគ្រួសារ សុខុមាលភាពប្រជាពលរដ្ឋ ការស្វែងរកសេវាសាធារណ: សាលារៀន មន្ទីរពេទ្យ សាលាឃុំ។ល។ ត្រូវបានរំខាន៕
