ទីតាំងល្បែងចំនួន ៩.០០០ទីតាំង ត្រូវបានបង្ក្រាបនៅទូទាំងប្រទេស និងឃាត់មនុស្សជាង ១ម៉ឺន ៣ពាន់នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៅទូទាំង២៥រាជធានី-ខេត្ត បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានប្រមាណជាង ៩ពាន់ទីតាំង និងឃាត់ខ្លួនមនុស្សចំនួន ១៣.០៣២នាក់(ស្រីចំនួន ៥.៥៨៩នាក់) ក្នុងនោះមានមួយចំនួនធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងមួយចំនួនទៀត ក៏បានចាត់វិធានការច្បាប់ បញ្ជូនទៅតុលាការ គិតត្រឹមរយៈពេល ១៧ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។
លោក សុខ ផល ប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានឱ្យដឹងថា ជនសង្ស័យចំនួន ១២.៧៨៦នាក់(ស្រី ៥.៤៩៤នាក់) បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា និងបានបញ្ជូនទៅតុលាការចំនួន ២៤៦នាក់(ស្រី ៩៥នាក់)។
សូមបញ្ជាក់ថា កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំង លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស៕
