​ប្រជាពលរដ្ឋក្រីក្រ ២៣គ្រួសារ នៅស្រុកកោះញែកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបនូវការខ្វះខាត ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៏មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះផ្សេងៗចំនួន២៣គ្រួសារ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីម៉េមាយ កុមារកំព្រា ឫជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាក់ស្តែង គ្រួសារក្រីក្រ និងជនរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់កាកបាទក្រហកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈផងដែរ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ហើយត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណា លើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។

តាមការបញ្ជាក់របស់លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះផ្សេងៗចំនួន២៣គ្រួសារ ស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម ឃីត១កញ្ចប់ កន្ទេល ត្រីខ និងបន្ថែមថវិកា៥ម៉ឺនរៀល។

បន្ទាប់មក ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ទីរអង្គភាព បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ទឹកស្រែ របស់ប្រជាកសិករនៅក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕អត្ថបទ នាង ចាន់ថា +ប៊ុត សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation