អតីតអ្នកការទូតកាណាដាម្នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ អតីតមន្ត្រីទូតកាណាដាម្នាក់ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួននៅក្នុងទីក្រុងប៉េកាំង ដោយមិនទាន់បញ្ជាក់ពីមូលហេតុ កាលពីថ្ងៃអង្គារម្សិលមិញនេះ។


ក្រុមអ្នកតាមដានវិបត្តិអន្តរជាតិ ដែលមានឈ្មោះថា The International Crisis Group បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនទទួល បានសេចក្តីរាយការណ៏ថា ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកតំបន់អាស៊ី លោក ម៉ៃឃើល ខ័រវីក (Michael Kovrig ) ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរចិន។ អង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែលមួយនេះ បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ខ្លួនកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីទទួលបានព័ត៌មានបន្ថែមពីលោក Michael Kovrig ដើម្បីធ្វើការធានា អោយមានការដោះលែងរូបលោកជាបន្ទាន់។


កាសែត Globe and Mail នៅទីក្រុងតូរ៉ុនតូនិងប្រព័ន្ធផ្សព្វផ្សាយផ្លូវការបស់កាណាដា បានរាយការណ៍អំពីការចាប់ខ្លួននេះ ដោយយោងតាមប្រភពមិនច្បាស់លាស់មួយ។
នាយកដ្ឋានកិច្ចការបរទេសរបស់កាណាដា មិនទាន់បានបង្ហាញការឆ្លើយតបចំពោះករណីចាប់ខ្លួនខាងលើនោះទេ ប៉ុន្តែរដ្ឋាភិបាលកាណាដាបានអះអាងថា ខ្លួនបានដឹងដែរពីការចាប់ខ្លួនលោក Korvig និងស្នើឱ្យចិនបញ្ឈប់ការចាប់ ឬឃុំខ្លួនដោយរំលោភលើសិទ្ធិ មនុស្សរបៀបនេះ។


សូមជំរាបថា ដំណឹងនៃការចាប់ខ្លួនលោក Michael Kovrig បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានព្រមាន ប្រទេសកាណាដាពីផលវិបាកធ្ងន់ធ្ងរចំពោះការចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ នាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនHuawei នៅក្នុងទីក្រុងVancouver ។ ប៉ុន្តែវានៅមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នោះទេ ថាតើករណីចាប់ខ្លួនអតីតអ្នកការទូត កាណាដារូបនេះ មានទំនាក់ទំនងអ្វី ជាមួយនឹងករណីចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុនHuaweiនោះទេ។


គួរកត់សម្គាល់ដែរថា អតីតមន្ត្រីទូតកាណាដាលោកMichael Korvig ត្រូវបានអាជ្ញាធរចិនឃុំខ្លួនក្នុងថ្ងៃតែមួយ ដែលតុលាការ កាណាដាអនុញ្ញាតឱ្យនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ ស្ថិតក្រៅឃុំបណ្ដោះអាសន្នជាមួយប្រាក់តម្កល់ប្រាក់ ៧.៤លានដុល្លារអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation