ព័ត៌មានជាតិ

ឆ្នាំ ២០១៨នេះ ការនាំចេញអង្កររបស់កម្ពុជា ទំនងនឹងអាចថយចុះ?

image

ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ បានបន្តធ្លាក់ចុះជាប់ៗគ្នា ដែលអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថា បណ្តាលមកពីបញ្ហាកង្វះស្តុកស្រូវសម្រាប់ កែច្នៃនាំចេញ។

ទោះជាយ៉ាងនេះក្តីពួកគេលើកឡើងថា ថ្វីដ្បិតបរិមាណនាំចេញជារួមមានការថមថយ ក៏ប៉ុន្តែតម្លៃទឹកប្រាក់សរុបនៃការនាំចេញវិញ មានការកើនឡើង ក្នុងពេលមានកំណើននាំចេញអង្ករក្រអូប ដែលជាប្រភេទអង្ករមានតម្លៃថ្លៃ ហើយការនាំចេញអង្ករសដែមានតម្លៃថោកនោះបានធ្លាក់ចុះ ហើយក៏គួបផ្សំនឹងតម្លៃអង្ករលើទីផ្សារអន្តរជាតិហក់ឡើងផងដែរនោះ ដូច្នេះធ្វើឲ្យទំហំតម្លៃទឹកប្រាក់នាំចេញកើនឡើង។

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្កបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងខែវិច្ឆិកាឆ្នាំនេះ សម្រេចបានប្រ មាណជាង ៦ម៉ឺន ២ពាន់តោន បានថយចុះប្រមាណ ១២,៣០ភាគរយ បើធៀបក្នុងខែវិច្ឆិកា ដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែលនេះបានបង្ហាញពីទិន្នន័យនាំចេញក្នុងខែនីមួយៗ ក្នុងរយៈពេល ១១ខែដំបូង ឆ្នាំ ២០១៨នេះ ពោលគឺពីខែមករា រហូតដល់ខែវិច្ឆិកា គឺមានត្រឹមតែខែមករា និងខែមិថុនា តែប៉ុណ្ណោះ ដែលការនាំចេញអង្កររបស់កម្ពុជាមានកំណើន។ ក្នុងនោះការនាំចេញក្នុងខែមករា មានបរិមាណជាង ៦ម៉ឺន ២ពាន់តោន ក្នុងអត្រាកំណើន ២៨,៣០ភាគរយ ខណៈក្នុងខែ មិថុនា មានប្រមាណជាង ៣ម៉ឺន ១ពាន់តោន មានអត្រាកំណើនដ៏តិចតួច បើធៀបក្នុងគ្រាដូច គ្នាកាលពីឆ្នាំមុន។

បើនិយាយជារួម ការនាំចេញក្នុងរយៈពេល ១១ខែឆ្នាំ ២០១៨ មានប្រមាណជិត ៥០ម៉ឺនតោន ពោលគឺធ្លាក់ចុះ ១៣,១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមប្រទេសជាង៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេចំនួនជាង ១៣ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ចំនួនជាង៧ម៉ឺនតោន និងម៉ាឡេស៊ីចំនួនជិត ៤ម៉ឺនតោន។

អង្ករកម្ពុជាជិត ៥០ភាគរយ នៃចំនួននាំចេញទាំងអស់ត្រូវបាននាំចូលអឺរ៉ុប ដោយទទួលបានការអនុគ្រោះពន្ធ ដែលភាគច្រើន គឺអង្ករក្រអូប។ នៅរយៈពេល ១១ខែ ឆ្នាំនេះ អឺរ៉ុបទិញអង្ករកម្ពុជាជាង ២៣ម៉ឺនតោន។

កាលពីឆ្នាំ ២០១៧កន្លងទៅ ប្រទេសកម្ពុជា នាំចេញអង្ករសរុបប្រមាណ ៦៣ម៉ឺនតោនទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងនោះមួយចំណែកធំស្រូបយកដោយទីផ្សារសហភាពអឺរ៉ុប៕