ព័ត៌មានជាតិ

ឯកឧត្ដមអភិបាលខេត្តជម្រុញ ដល់មន្ត្រី នៃមន្ទីររៀបចំដែនដី អោយពន្លឿនដល់ការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងផ្សារក្រុងសែនមនោរម្យ

image

មណ្ឌលគិរីៈ មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអាងអភិបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីសរុប ចំនួន២៣៥គ្រួសារ  ដែលប្រព្រឹត្តទៅនៅសាលសង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ  នៅព្រឹកថ្ងៃពុធ ៥កើត ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៨។

ឯកឧត្តម ស្វាយ សំអាង អភិបាលខេត្ត បានមានប្រសាសន៍ថា  ការចុះបញ្ជីដីធ្លីនេះ ពិតជាសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីទាំងអស់  ជាពិសេសអាជ្ញាធរកាន់កាប់ដីរដ្ឋ   ក្នុងការចូលរួមគ្រប់ជំហ៊ាន តាំងពីការវាស់វែងទីតាំងតំបន់ដែលពាក់ព័ន្ធការវាស់វែងក្បាលដី និងការស្រង់ទិន្នន័យម្ចាស់ដីរហូតដល់ការបិទផ្សាយនូវក្បាលដីទាំងអស់នោះ សម្រាប់ទុកអោយម្ចាស់ដីធ្វើការផ្ទៀងផ្ទាត់សុំកែតម្រូវទិន្នន័យ បន្ទាប់មកនឹងផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ។ 

 ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះដីនៅក្នុងបរិវេណអតីតផ្សារសែនមនោរម្យ ដែលត្រូវភ្លើងឆេះកន្លងទៅនេះ បច្ចុប្បន្នបាននិងកំពុងសាងសង់ផ្ទះ ឬ ហៅថាភូមិផ្សារ ឬ បុរីផ្សារនោះ សាងសង់បាន៦០ភាគរយរួចហើយ  ដែលរាជរដ្ឋាភិបាលបានសម្រេចចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាលរដ្ឋនិងអាជីវកក្នុងផ្សារនេះផងដែរ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានជម្រុញដល់ អាជ្ញាធរពាក់ព័ន្ធ ត្រូវពន្លឿនការសាងសង់ប្រព័ន្ធលូ ផ្លូវ ភ្លើង និងត្រូវដោះស្រាយនូវបញ្ហាផលប៉ះពាល់អោយបានឆាប់រហ័ស និងសំណូមពរដល់ប្រជាលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអោយដំណើការសាងសង់សំណង់ផ្សារនេះ មានភាពរលូនទៅមុខផងដែរ។ 

លោក ម៉ៅ ចំរើន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត បានអោយដឹងថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងចុះបញ្ជីដីធ្លី មានក្បាលដីសរុបចំនួន ២៨៩ក្បាលដី ដែលមានទំហំផ្ទៃដី សរុបស្មើនឹង១៣៦ហិកតា ស្មើនឹង ២៣៥គ្រួសារ  ក្នុងនោះមាន ដីលំនៅឋាន ចំនួន ២៦៨ក្បាលដី ដីរដ្ឋ មានចំនួន ០២ក្បាលដី និងគ្មានទិន្នន័យ ចំនួន ១៩ក្បាលដី  លោកបានបន្តថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងចុះបញ្ជីដីធ្លីនេះ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ខែធ្នូ រហូតដល់ ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៨នេះ ដើម្បីទុកអោយម្ចាស់ក្បាលដីទាំងអស់មកពិនិត្យ ទិន្នន័យក្បាលដីរបស់ខ្លួន ពិតជាត្រឹមត្រូវ ឬអត់ ដូចជាមានកំហុសឆ្គងឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដីនិងប្រភេទព្រទ្យជាដើម។

សូមរំលឹកថា កាលពីថ្ងៃ១០ខែកុម្ភៈ ឆ្នាំ២០១៨ ផ្សារក្រុងសែនមនោរម្យត្រូវបានឆាបឆេះដោយសារការថ្វេសប្រហែសរបស់អាជីវករ ប៉ុន្តែក៌មានការគិតគូរពីសំណាក់អាជ្ញាធរមូលដ្ឋាន  ជាពិសេស សម្ដេចតេជោ សម្ដេចបានបញ្ជា ដល់ថ្នាក់នាំខេត្តមណ្ឌលគិរី ត្រូវយកចិត្តទុក្ខដាក់ដល់កង្វល់ពលរដ្ឋ ត្រូវពន្លឿការសាងសង់និងធ្វើប្លង់រឹងជូនពលរដ្ឋអោយបានឆាប់។

ដោយ÷នាង ចាន់ថា


ព័ត៌មានទាក់ទង...