ព័ត៌មានជាតិ

​ក្រសួងឧស្សាហកម្មនិងសិប្បកម្មទទួលយកផែនការមេថ្មីសម្រាប់អភិវឌ្ឍន៍ផលិតភាពជាតិកម្ពុជា

image

ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មនិងសិប្បកម្មទទួលយកផែនការមេថ្នាក់ជាតិសម្រាប់ អភិវឌ្ឍន៍វិស័យផលិតភាពនៃកម្ពុជា» ដែលរៀបចំឡើងដោយអ្នកជំនាញការរបស់អង្គការផលិតភាពអាស៊ី អេភីអូ ព្រមទាំងបានកោតសរសើរថា ផែនការមេថ្មីនេះនឹងបើកលទ្ធភាពឲ្យកម្ពុជាដើរឆ្ពោះទៅរកការសម្រេចគោលដៅរបស់ខ្លួន ដោយប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្នទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបណ្ឌិត សានទី កានុកតាណាផុន(Santhi Kanoktanapron) អគ្គលេខាធិការនៃអង្គការអង្គការ ផលិតភាពអាស៊ី បានប្រគល់ជូននូវ ពង្រាងផែនការមេ១០ឆ្នាំ (២០២០-២០៣០) ដែលតាក់តែ រៀបចំឡើង ដោយអ្នកជំនាញការរបស់អង្គការផលិតភាពអាស៊ី អេភីអូ ដល់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ ទោះជាបែបនេះក្តី ពង្រាងផែនការមេនេះនឹងត្រូវយកទៅពិភាក្សាជាមួយបណ្តាក្រសួងសំខាន់របស់រាជរដ្ឋាភិបាលមុននឹងត្រូវដាក់ឲ្យអនុវត្តក្នុងក្របខ័ណ្ឌថ្នាក់ជាតិ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានចាត់ទុកផែនការមេថ្មីនេះជាផែនទីថ្មីនិងមានសារៈសំខាន់ ព្រោះវាបានសំយោគនូវអ្វីៗដែលមានក្នុងប្រទេសកម្ពុជា ដែលធ្លាប់អនុវត្តក្នុងពេលកន្លងមក។
 

លោកបណ្ឌិត សានទី កានុកតាណាផុន(Santhi Kanoktanapron) អគ្គលេខាធិការនៃអង្គការអង្គការ ផលិតភាពអាស៊ី បានឲ្យដឹងថា អង្គការផលិតភាពអាស៊ី (អេភីអូ) ត្រៀមសហការជាមួយកម្ពុជាក្នុងការផ្តល់អ្នកជំនាញការជាច្រើនសម្រាប់ការបណ្តុះបណ្តាលដើម្បីពង្រឹងវិស័យផលិតភាពនៅកម្ពុជាឲ្យកាន់តែរឹងមាំ។

ការបង្កើតសហគ្រាសនៅកម្ពុជាមានរហូតដល់ទៅ ៥១២, ៨៧៨មូលដ្ឋាន ដោយក្នុងនោះ ៩៩.៨% ជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និង ខ្នាតមធ្យម។ ៩៩.១ភាគរយ គ្រប់គ្រងដោយម្ចាស់សហគ្រាសក្នុងសុ្រក ហើយ សហគ្រាសគ្រប់គ្រងដោយបរទេស មានតែ០.៩% ប៉ុណ្ណោះ។ ក្នុងនោះដែរ ៤០% នៃសហគ្រាសបានចុះបញ្ជីជាផ្លូវការ៕(អត្ថបទ រ៉ាន់ រើយ រូបភាព ម៉ៅ នរិទ្ធិយ៉ា )