កម្ពុជា-ចិន បើក«ពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ដើម្បី ប្រកួតលើឆាកអន្តរជាតិ
| ព័ត៌មានជាតិ
SHARE

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានដំណើរការរៀបចំកម្មវិធី«ពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា»ដោយប្រព្រឹត្តទៅនៅ អគារខេមរានីតាមរយះកិច្ចសហការណ៏រវាងកម្ពុជា និងចិន ។

កម្មវិធី«ពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា» ដែលបានចាប់ផ្តើមពីថ្ងៃម្សិលមិញនេះ គឺមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នក ប្អូនៗសិស្សានុសិស្ស ដែលអញ្ជើញមកពីគ្រប់ស្ថាប័នដែលពាក់ព័ន្ឋទាំងអស់ ។

ក្នុងឪកាសនោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមាប្រសាសន៏ថា ការរៀបចំពិព័រណ៏នេះ គឺជាការអនុវត្តស្របតាមបំណងប្រាថ្នារបស់យុវជន និងចក្ខុវិស័យនៃឯកសារស្តីពី «គំនិតផ្តួចផ្តើមពន្លកសង្គម» របស់សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានកម្មវិធីចំនួន១៥ ដែលត្រូវបានតម្រង់ទិស និងជំរុញលើកទឹកចិត្តឱ្យយុវជនចេះមានគំនិតផ្តួចផ្តើម និងរៀបចំចាត់តំាងអនុវត្ត ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវការកសាងសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន។

ចំណែកលោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៏ថា
បច្ចប្បន្ននេះវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម និងពង្រីកប្រព័ន្ធចំណេះដឹងដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ និងអន្តរជាតិ។ ពិព័រណ៌វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនទៀតដែលសមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានខិតខំយកអស់កម្លំាងកាយចិត្តក្នុងការផ្តួចផ្តើមរៀបចំឡើងក្នុងគោលបំណងបណ្តុះផ្នត់គំនិត តម្រង់ទិស បង្កើនការយល់ដឹង និងការចាប់យកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងសម័យឌីជីថល ដល់កុមារ យុវជន និងមហាជន ឱ្យបានកាន់តែទូលំទាយ និងស៊ីជម្រៅ សំដៅរួមចំណែកអភិវឌ្ឍន៍ធនាគារខួរក្បាលរបស់ជាតិ នវានុវត្តន៍ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងការរស់នៅដោយចីរភាព។

សូមជម្រាបថា ពិព័រណ៍លើកទី១នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នំា២០១៨ ដោយមានការដាក់តំាងបង្ហាញនូវសម្ភារៈបច្ចេកទេសប្រមាណជា ៦០ ប្រភេទ ដែលសុទ្ធសឹងតែជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដោយកម្មវិធីទាំងមូលមានក្តីរំពឹថានឹងមានការចូលរួមពីសំណាក់ប្អូនៗជា កុមារ សិស្ស និស្សិត ប្រមាណ ៦០០០ នាក់ មកពីអនុវិទ្យាល័យ វិទ្យាល័យ សាលា បណ្តុះបណ្តាលបច្ចេកទេស វិទ្យាស្ថាន និងសាកលវិទ្យាល័យនៅទូទំាងរាជធានីភ្នំពេញ ចំនួន ៦៦ និងសាធារណជន អញ្ជើមមកទស្សនា ស្វែងយល់ ដកពិសោធន៍ និងអនុវត្តនូវសកម្មភាព និងរូបភាពជាក់ស្តែង ហើយការរៀបចំពិព័រណ៍នេះ នឹងបន្តរៀបចំនៅតាមបណ្តាទីតំាងមួយចំនួនទៀតនៅពេលខាងមុខ សម្រាប់រយៈពេល ៣ ឆ្នំាខាងមុខ ចាប់ពីឆ្នំា២០១៨-២០២១ ដើម្បីឱ្យមានការចូលរួម និងយល់ដឹងកាន់តែទូលំទូលាយអំពីចំណេះដឹងនៃមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រនេះផងដែរ ៕អត្ថបទ៖ សុខ លីដា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation