ព័ត៌មានជាតិ

ការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញ ដែលជាការិយាល័យដំបូងបង្អស់ នៅតំបន់អាស៊ាន

image

ភ្នំពេញ ៖ ​ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងពិធីបើកដាក់ឲ្យដំណើរការ ការិយាល័យអង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU) នេះ បានសម្តែងអំណរសាទរ ​ដែលនេះជាការិយាល័យដំបូងបង្អស់ នៅអាស៊ាន បន្ទាប់ពីគម្រោងការិយាល័យ អង្គភាពត្រួតពិនិត្យកុងតឺន័រ ត្រូវបានពង្រីកទៅកាន់ បណ្តាអាកាសយានដ្ឋានអន្តរជាតិ រួមមាន ៖ ​អាហ្វហ្គានីស្ថាន បង់ក្លាដែស គុយបា ហ្សកហ្ស៊ី ហ្ស៊កដានី ប៉ាគីស្ថាន ស្រីលង្ការ និងអ៊ុយក្រែន។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការិយាល័យអង្គភាពត្រួតពិនិត្យ ទំនិញតាមផ្លូវអាកាស (ACCU) នេះ ត្រូវបានបង្កើតទ្បើង ក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ការជួញដូរខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន តាមផ្លូវអាកាស នូវទំនិញនិងកញ្ចប់បញ្ញើ នាំចេញ-នាំចូលមកកម្ពុជា។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងអំពីស្ថានភាពល្អប្រសើរ ក្នុងការសហការគ្នា រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអង្គភាពពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព នៃការត្រួតពិនិត្យរកគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ តាមផ្លូវសមុទ្រនិងផ្លូវអាកាស ជាពិសេសបទល្មើសឆ្លងកាត់ព្រំដែនខុសច្បាប់នានា។


លោក Russell Bash តំណាងស្ថានទូតអាមេរិក ប្រចាំ​​កម្ពុជា បានសម្តែងពីសុទិដ្ឋិនិយម នៃការបង្កើតការិយាល័យ អង្គភាពត្រួតពិនិត្យទំនិញ តាមផ្លូវអាកាស និងសហប្រតិបត្តិការល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។ លោកក៏សង្ឃឹមដែរថា ការិយាល័យថ្មីនៅកម្ពុជានេះ នឹងទទួលបានជោគជ័យជាផ្លែផ្កា ហើយនឹងក្លាយជាការិយាល័យគម្រូល្អ ដល់អាកាសយានដ្ឋានអន្តរជាតិដទៃទៀតនៅក្នុងតំបន់​៕

( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ ​លឹម មុនី​)