ព័ត៌មានជាតិ

អឺរ៉ុប ផ្តល់ជំនួយ១១៥លានអឺរ៉ូដល់កម្ពុជា លើគម្រោងនេសាទ-ការប្រែប្រួលអាកាសធាតុ

image

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា ប្រកាសថា EU កំពុងរៀបចំផ្តល់ជំនួយថវិកា១១៥លានអឺរ៉ូ ដល់កម្ពុជា ដើម្បីអនុវត្តន៍កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើគម្រោងនេសាទ និងការប្រែប្រួលអាកាសធាតុ។


យោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងសេដ្ឋកិច្ច ឲ្យដឹងថា ការសម្រេចរបស់លោក ច្សច អេដហ្គា ធ្វើឡើងក្នុងជំនួបជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា លោក ច្សច អេដហ្គា បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ នៃការអនុវត្តគម្រោងនានា ក្រោមក្របខណ្ឌ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយEU។ ការផ្តល់ហិរញ្ញប្បទានឥតសំណង សរុបចំនួន១១៥លានអឺរ៉ូ សម្រាប់កម្មវិធី៣ ដោយទី១លើកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈចំនួន២២លានអឺរ៉ូបន្ថែម។ ទី២ កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន(ផ្នែកនេសាទ) ចំនួន៨៧លានអឺរ៉ូ។ និងទី៣កម្មវិធីសម្ព័ន្ធភាពប្រែប្រួល អាកាសធាតុកម្ពុជា។ ចំនែកឯដំណាក់កាលទី៣ចំនួន៦លានអឺរ៉ូទៀត។

ជាការឆ្លើយតបឯកឧត្តម អូន ព័ន្ធមុនីរ័ត្នឧ បានស្វាគមន៍ចំពោះលោក ច្សច អេដហ្គា និងសហការី និងវាយតម្លៃខ្ពស់ចំពោះការ គាំទ្រផែ្នកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រសើររវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំសម្រេចបាន៕