ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ អំពាវនាវឲ្យពលរដ្ឋ ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ខណៈថ្ងៃផុតកំណត់ទី៣១ធ្នូនេះ

image

ប្រធាននាយកដ្ឋាន អត្តសញ្ញាណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក ឃៀង សុគន្ធា បានអំពាវនាវឲ្យពលរដ្ឋ ទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ ទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ពលរដ្ឋ ខណៈជិតផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

អត្តសញ្ញាណប័ណ្ណគំរូថ្មី ការកែអក្ខរាវិរុទ្ធ និងការបាត់បង់ត្រូវសុំធ្វើថ្មី គឺមិនតម្រូវឲ្យមានការបង់ប្រាក់ឡើយ ដោយរាល់ការចំណាយទាំងអស់ គឺរាជរដ្ឋាភិបាលជាអ្នកចេញជំនួស ។ លោកថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាលិខិតសម្គាល់ អត្តសញ្ញាណរបស់ជាតិខ្មែរ គឺសំខាន់ដែលមានឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ភេទ និង ទីកន្លែងកំណើត ដែលអាចយកទៅប្រើប្រាស់ នៅក្នុងសង្គម និងសម្រាប់ប្រើក្នុងជីវភាព រស់នៅប្រចាំថ្ងៃបាន។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី៥ វិច្ឆិកា បានអំពាវនាវពលរដ្ឋខ្មែរទាំងពីរភេទ កំពុងប្រើប្រាស់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គំរូចាស់ទាំងអស់ និងពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ត្រូវទៅបំពេញបែបបទ ស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី នៅតាមមូលដ្ឋាន ហើយសាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូចាស់៕