ជនជាតិកាណាដាទី៣ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនចំពេលដែលមានជម្លោះពាក់ព័ន្ធនឹងការចាប់ខ្លួនប្រធានហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei
| ព័ត៌មានជាតិ
SHARE

កាណាដា៖ មន្រ្តីរដ្ឋាភិបាលកាណាដាម្នាក់បាននិយាយកាលពីថ្ងៃពុធនៅថ្ងៃពុធទី១៩ ខែធ្នូថា មានជនជាតិកាណាដាទី ៣ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន បើគិតចាប់តាំងពីអាជ្ញាធរកាណាដាបានចាប់ខ្លួននាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei នៅទីក្រុង Vancouver ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែធ្នូ ប៉ូលីសកាណាដាបានចាប់ឃុំខ្លួន អ្នកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou ) ប្រធានហិរញ្ញវត្ថុនៃ ក្រុមហ៊ុនទូរគមនាគមន៍ យក្សរបស់ចិនគឺក្រុមហ៊ុន Huawei Technologies Co Ltd នៅទីក្រុង Vancouver តាមសំណើរបស់ សហរដ្ឋអាមេរិក។

មិនមានព័ត៌មានលម្អិតស្តីពីការឃុំខ្លួនពលរដ្ឋកាណាដាទី៣ចុងនេះឡើយ ប៉ុន្តែលោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយក រដ្ឋមន្ត្រីកាណាដា បាន និយាយថា ការចាប់ខ្លួនចុងក្រោយនេះ វាជាករណីដាច់ដោយឡែក ពីករណីចាប់ខ្លួនកាលពីសប្តាហ៍មុន គឺលោក Michael Kovrig អតីតអ្នកការទូតកាណាដានិងអ្នកជំនួញលោក Michael Spavor ដែលត្រូវបានឃុំឃាំងដោយអាជ្ញាធរ ប៉េកាំង ចំពេលដែលមាន ជម្លោះការទូតរវាងចិននិងកាណាដា ដែលបង្កឡើងដោយការចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei បើទោះបីជាតុលាកាកាណាដាបានដោះលែងអ្នកស្រីម៉េង វ៉ាន់ចូវ អោយនៅក្រៅឃុំជាបណ្តោះអាសន្នក៏ដោយ។

សូមជំរាបថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក ហើយជាក្រុមហ៊ុនដែល លក់ស្មាតហ្វូនធំជាងគេទីពីរ របស់ពិភពលោក។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីខែមេសាថា សហរដ្ឋអាមេរិក កំពុងសម្លឹងមើលចាប់តាំងពីឆ្នាំ២០១៦ ថាតើក្រុមហ៊ុន Huawei បានដឹកជញ្ជូនវត្ថុធាតុដើមអ្វីខ្លះពីសហរដ្ឋអាមេរិកទៅកាន់ប្រទេស អ៊ីរ៉ង់និងប្រទេសដទៃទៀត ដោយរំលោភលើច្បាប់ការនាំចេញនិងច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេស ទាំងនោះ។

មកដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូនេះ នាយករដ្ឋមន្ត្រីកាណាដា បាននិយាយថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពរបស់ជនជាតិកាណាដាទី ៣ ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសចិន។

គួររំលឹកថា កាលពីប៉ុន្មានសប្ដាហ៍មុន ចិនបានឃុំខ្លួនជនជាតិកាណាដា ០២នាក់ផងដែរ គឺអតីតមន្ត្រីទូតកាណាដា លោក ម៉ៃខឺល កូវរីក (Michael Kovrig) និងពាណិជ្ជកម្មករ លោក ម៉ៃខឺល ស្ប៉ាវ័រ (Michael Spavor) ក្រោមបទចោទប្រកាន់ថា អ្នកទាំងពីរបានធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិរបស់ចិន។ ជុំវិញការចាប់ខ្លួនពលរដ្ឋកាណាដាពីររូបនេះដែរ រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាងថា ការចាប់ខ្លួននេះមិនមានជាប់ទាក់ទិននឹងករណីកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ដែលត្រូវបានអាជ្ញាធរកាណាដានោះឡើយ។ ប៉ុន្តែអ្នកវិភាគអន្តរជាតិ បានវិភាគថា គឺជាការសងសឹករបស់ចិន ក្រោយពីមហាអំណាចសេដ្ឋកិច្ចទី២របស់ ពិភពលោកមួយនេះ បានព្រមានកាណាដា ពីផលវិបាកធ្ងន់ធ្ងរ បើមិនព្រមផ្តល់សេរីភាពពេញលេញឲ្យនាយកហិរញ្ញវត្ថុ Huawei លោកស្រី Meng Wanzhou នោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation