ក្រុមហ៊ុនCBS ប្រកាសបដិសេធចំពោះការផ្សាយបំពុលរបស់ Facebook Page ឈ្មោះ CBN Khmer
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ យោងតាមសេចក្តីបំភ្លឺរបស់ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា Cambodia Broadcasting Service (CBS) ដែលចេញនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានឱ្យដឹងថា ក្រុមហ៊ុនCBS សូមបដិសេធចំពោះការផ្សាយបំភ្លៃមួលបង្កាច់របស់ Facebook Page មួយឈ្មោះ CBN Khmer ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ថា៖ «ដំណឹងបន្ទាន់ ហ៊ុន សែន ខឹងខ្លាំងណាស់ ចាប់ខ្លួនឧកញ៉ា គិត ម៉េង មិញៗនេះផ្អើល។


ក្រុមហ៊ុនCBS បានបំភ្លឺយ៉ាងដូច្នេះថា៖
យើងសូមចាត់ទុកថា ទង្វើរបស់ក្រុមជនងងឹតនៃ Facebook Page ឈ្មោះ
CBN Khmer ដែលបម្រើឲ្យនយោបាយទុច្ចរិត គឺជាការផ្សាយដោយអសីលធម៌និងទុច្ចរិត បំភ្លៃហេតុការណ៍ បម្រើឲ្យគោលដៅបង្ខូច និងប្រមាថដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល ថ្នាក់ដឹកនាំជាតិ
អ្នកឧកញ៉ា គិត ម៉េង និងជាពិសេស គឺជាចេតនាទុច្ចរិតជាបន្តបន្ទាប់ ក្នុងបំណងបំពុលនិងបំភ័ន្តប្រជាជនកម្ពុជាប៉ុណ្ណោះ។ ទង្វើរបស់ក្រុម CBN Khmer គឺអាក្រក់ណាស់ ហើយសូមសាធារណៈជនគប្បីកុំចាញ់កលការផ្សាយរបស់ក្រុមនេះទាំងបច្ចុប្បន្ននិងតទៅអនាគត។


ក្រុមហ៊ុន CBS បានអះអាង ខ្លួនគ្មានភាពចាំបាច់នឹងស្នើសុំឲ្យបណ្តាញផ្សព្វផ្សាយទុច្ចរិត CBN Khmer រួមទាំង The Cambodia Daily ធ្វើការកែតម្រូវនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ខណៈនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន CBS របស់យើងខ្លួនកំពុងចូលរួមក្នុងកម្មវិធីរីករាយ ជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅឯខេត្តសៀមរាប ទឹកដីបវរអច្ឆរិយៈនៃកម្ពុជា។

ជាមួយនឹងការបំភ្លឺនិងបដិសេធនេះដែរ ក្រុមហ៊ុន CBS បានយកឱកាសនេះ សូមគោរពថ្លែងអំណរគុណដ៏ស្មគ្រ័ស្មោះចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំពារក្រុមហ៊ុន CBS ក៏ដូចវិស័យឯកជន ដែលកាយវិការនេះមានតម្លៃធំធេងណាស់ ក្នុងការពង្រឹងពង្រីកទាំងជំនឿចិត្ត វឌ្ឍនភាព និងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្សព្វផ្សាយកិត្យានុភាពជាតិកម្ពុជាទៅកាន់ឆាកអន្តរជាតិឲ្យកាន់តែខ្ពស់ត្រដែត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation