ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ នឹងរៀបចំពិធីបុណ្យរំឭកគុណអង្គរ នៅថ្ងៃទី១៤-១៦ ខែធ្នូ

image


សៀមរាប៖​ យោងតាមសេចក្តីជូនដំណឹងលេខ៤៨៦ សជណអវ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ ឱ្យរៀបចំពិធីបុណ្យរំឭកគុណអង្គរ នៅរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់រយៈពេល​ ៣ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២​ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ តទៅ។

ពាក់ព័ន្ធនឹងពិធីបុណ្យអង្គរដ៏សំខាន់នេះ​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំអាជ្ញាធរជាតិអប្សរា ឱ្យរៀបចំសកម្មភាពលម្អិត​ ពាក់ព័ន្ធនឹងពិធីបុណ្យនេះ ក្នុងនោះរួមមានកម្មវិធីតាមថ្ងៃនីមួយៗ ទីតាំងប្រារព្ធពិធី សមាសភាពចូលរួម លិខិតអញ្ជើញ ខ្លឹមសារបដា សុន្ទរកថាថ្នាក់ដឹកនាំ និងលទ្ធភាព ថវិកាជាដើម។

ក្រៅពីនេះ​ រៀបចំសេចក្តីជូនដំណឹង និងការសម្ភាសន៍ឥស្សរជន អ្នកជំនាញការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ ពាក់ព័ន្ធ វិស័យឯកជន និងសាធារណជន តាមការចាំបាច់ រំលេចបង្ហាញអំពីសារសំខាន់ ខ្លឹមសារ និងគុណប្រយោជន៍នៃការរៀបចំពិធីបុណ្យ ដើម្បីផ្សព្វផ្សាយតាមគ្រប់មធ្យោបាយជូនសាធារណជនជ្រាប ជាពិសេសយុវវ័យឱ្យកាន់តែមានស្មារតីមុតមាំថែមទៀត​ ក្នុងការចូលរួមថែរក្សា ការពារ លើកតម្លៃបេតិកភណ្ឌជាតិ និងចូលរួមឱ្យបានកុះករ។

ទន្ទឹមនេះ​ រៀបចំដាក់តាំងបង្ហាញនូវសមិទ្ធផលសម្រេចបាននានារបស់ខ្លួន និងជាពិសេសសមិទ្ធផលសម្រេចបានជាមួយដៃគូជាតិ និងអន្តរជាតិ នៅតាមទីតាំងសំខាន់ៗនានា ដើម្បីរំលេចឱ្យឃើញនូវការចូលរួមចំណែកដ៏មានតម្លៃ ក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សឱ្យបានគង់វង្សនៃបេតិកភណ្ឌជាតិ។ ជាមួយគ្នានេះ​ ក៏ទំនាក់ទំនងជាមួយអគ្គនាយកដ្ឋាននានា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង/ស្ថាប័ន អាជ្ញាធរ/អង្គភាពរដ្ឋ និងឯកជនពាក់ព័ន្ធ ស្នើសុំកិច្ចសហការដើម្បីភាពជោគជ័យនៃពិធី ក៏ដូចជាកៀរគរ​ ប្រមែប្រមូលនូវធនធានបន្ថែមសម្រាប់ការរៀបចំពិធីឱ្យកាន់តែសំបូរបែប និងអធិកអធម៕