ព័ត៌មានជាតិ

អង្គការសហប្រជាជាតិ គាំទ្រយុទ្ធសាស្ត្រលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែជាការព្រួយបារម្ភ

image


ភ្នំពេញ៖ បេសកជនពិសេសអង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ លោក Jean Todt បានបង្ហាញជំហរក្នុងការជួយដល់កម្ពុជាឱ្យសម្រេចបាននូវគោលដៅចម្បង នៃការកាត់បន្ថយចំនួនអ្នករងរបួស និងស្លាប់នៅតាមដងផ្លូវដោយគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍ ឱ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០៣០។ ក្នុងនោះលោកក៏បានធ្វើការកៀរគរមតិគាំទ្រ សម្រាប់លើកកម្ពស់ការប្រើកម្មវិធី Eco Safe Driving App នៅក្នុងប្រទេសកម្ពុជា ផងដែរ។

លោក Jean Todt ប្រកាសគាំទ្រយុទ្ធសាស្ត្រលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តកម្មវិធីការបណ្តុះបណ្តាលមកពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ច ដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិតនៅកម្ពុជា ដំណាក់កាលទី២ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ប័ន្ធមួយចំនួន។ លោក បានលើកឡើងយ៉ាងដូច្នេះថា៖ “យើងមិនអាចរំពឹងថា យើងអាចដោះស្រាយវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍សកល ដែលកំពុងកើតឡើងនេះដោយដាច់ដោយឡែកតែឯងនោះទេ។ យើងនឹងធ្វើការកៀរគរឱ្យមានការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងកម្មវិធីតម្លើង Eco Safe App ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ តាមមរយៈការផ្តល់នូវចំណេះដឹង និងជំនាញក្នុងការការពារពេលបើកបរ ការប្រើប្រាស់ប្រេងឥន្ធនៈ ប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃភាព ព្រមទាំងសុវត្ថិភាពយានយន្ត ជាដើម។

បេសកជនUN រូបនេះ បានឱ្យដឹងដែរថា នៅឆ្នាំ២០២៣ខាងមុខ ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមកពីបណ្តាប្រទេសជុំវិញពិភពលោក នឹងជួបជុំគ្នាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃសប្តាហ៍មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧។

ជាមួយគ្នានេះ លោកស្រី មើរ៉ាម ស៊ីឌីក (Mirjam Sidik) នាយិកាប្រតិបត្តិនៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងដែរថា គោលបំណងចំបងនៃការបង្កើតឱ្យមានកម្មវិធី Eco Safe Driving App ដើម្បីធ្វើឱ្យប្រសើរឡើងនូវឥរិយាបថរបស់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កាន់តែប្រសើរឡើង និងលើកទឹកចិត្តឱ្យពួកគេប្រើប្រាស់មធ្យោបាយរថយន្តដឹកជញ្ជូនរួមប្រកបដោយសុវត្ថិភាព និងប្រសើរឡើង ដើម្បីជាការវាស់វែងនៃការសន្សំសំចៃប្រេងឱ្យបានត្រឹមត្រូវ និងលទ្ធផលលើឥរិយាបថនៃការបើកបរ ដោយបានវាយតម្លៃតាមរយៈការវាស់វែងពីកម្មវិធីនេះ។

យោងតាមទិន្នន័យប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងអំំឡុងទសវត្ស២០១១ ដល់២០២០ ឃើញថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងលើយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ ដោយសារតែការប៉ះទង្គិចរវាងទោចក្រយានយន្ត ឬទោចក្រយានយន្តដូចគ្នា។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះមានអ្នកប្រើប្រាស់ម៉ូតូប្រមាណ ៧៥ភាគរយ ក្នុងនោះមានតែ ៣៥ភាគរយ ប៉ុណ្ណោះ ដែលបានពាក់មួកសុវត្ថិភាព៕