ព័ត៌មានអន្តរជាតិ

តៃវ៉ាន់និយាយថា ការជ្រៀតជ្រែកនៅក្នុងកិច្ចការបោះឆ្នោតរបស់ខ្លួនពីសំណាក់ប្រទេសចិនត្រូវបានថមថយ

image


កោះតៃវ៉ាន់៖ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu បានលើកឡើងឱ្យដឹងកាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកាកន្លងទៅថា រដ្ឋាភិបាលចិនហាក់ដូចជាបន្ធូបន្ថយនៅក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តៃវ៉ាន់ ខណៈដែលការបោះឆ្នោតថ្នាក់ក្រោមជាតិរបស់ទឹកដីដែនកោះមួយនេះនឹងត្រូវចូលមកដល់នៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខនេះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅមុនការបោះឆ្នោតថ្នាក់ក្រោមជាតិខាងលើនេះ លោក Joseph Wu បាននិយាយថា វាជារឿងចម្លែកមួយសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ ដែលប្រទេសចិនហាក់ដូចជាមិនយកចិត្តទុកដាក់និងខ្វាយខ្វល់ខុសប្លែកដូចកាលពីពេលកន្លងមកទៅ។
ខណៈនេះប្រទេសប្រទេសបានប្តូរវិធីសាស្រ្ត ដោយមានការបញ្ចុះតម្លៃសំបុត្រយន្តហោះ ដើម្បីលើកទឹកចិត្តទៅដល់ពលរដ្ឋតៃវ៉ាន់ដែលកំពុងរស់នៅក្នុងប្រទេសចិនឱ្យត្រឡប់ទៅចូលរួមការបោះឆ្នោតនៅកោះតៃវ៉ាន់ ដើម្បីគាំទ្របេក្ខភាពមេដឹកនាំថ្មីដែលមានទំនោរទៅកាន់ប្រទេសចិន ឬក៏តាមរយៈការទិញទឹកចិត្ត និងបំភិតបំភ័យជាដើមដល់អ្នកទាំងនោះជាដើម។
ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់កោះតៃវ៉ាន់នៅពេលនេះ គឺនៅមិនទាន់មានការអត្ថាធិប្បាយតបណាមួយពីខាងមន្រ្តីការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិននៅឡើយទេ។ ប៉ុន្តែកាលពីពេលកន្លងមក ស្ថាប័នរបស់រដ្ឋាភិបាលចិនមួយមួយនេះ ធ្លាប់បានធើ្វការចោទប្រកាន់គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់របស់លោកស្រី Tsai ing Wen ថាបានព្យាយាមបំប៉ោងស្ថានការណ៍មួយនេះឡើងដើម្បីតែផលប្រយោជន៍នយោបាយរបស់ខ្លួនតែប៉ុណ្ណាះ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect