សង្គម

ខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២រយៈពេល៥ថ្ងៃ

image


ព្រះសីហនុ៖ ការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២
ត្រូវបានធ្វើឡើងនៅខេត្តព្រះសីហនុក្រោមការចូលរួមពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ។

ដោយបានការអនុញ្ញាតពីជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតថ្នាក់ជាតិ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង -ខេត្តព្រះសីហនុ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ណុះ ស្លេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតថ្នាក់ជាតិឆ្នាំ២០២២ មានប្រតិភូ កីឡាករ កីឡាការិនី ខ្លាំងៗប្រមាណ ចំនួន ២៥នាក់ មកចូលរួមប្រកួតដណ្តើមមេដាយ ជូនរាជធានីខេត្ត និងក្រសួង សរុបចំនួន ៧ ក្នុងនោះមាន ក្រសួងមហាផ្ទៃ មានកីឡាករចំនួន ២ រូប  រាជធានីភ្នំពេញ មានកីឡាករចំនួន ៤ រូប  ខេត្តព្រះសីហនុ មានកីឡាករចំនួន ៧ រូប
ខេត្តកោះកុង មានកីឡាករចំនួន ៣ រូប ខេត្តកែប មានកីឡាករចំនួន ៣ រូប ខេត្តកំពត មានកីឡាករចំនួន ៣ រូប ។

លោក ណុះ ស្លេះ  បានបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍បានការសហការដោយ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)  ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ ដូចជា វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា, វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣និងចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសបង្ហាញពីការចាប់ផ្ដើមស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ  លោក ឯម ភាព  មានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ
មានសេចក្តីសោមនស្សរីករាយ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយកខេត្តព្រះសីហនុធ្វើជាទីតាំងម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជាកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នាពេលនេះ។ លោកថាព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតជាតិ ក្នុងឱកាសនេះ នឹងជួយជំរុញលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពជាតិរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានកេរឺឈ្មោះល្បីរន្ទឺថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោកបន្តថាការប្រកួតកីឡាលើកនេះ គឺដើម្បីឱ្យកីឡាករ កីឡាការិនី របស់យើង បានត្រៀមខ្លួនឈានឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។

លោកក៏បានបន្ថែមថាការអភិវឌ្ឍវិស័យកីឡា គឺសំដៅកសាងធនធានមនុស្សឱ្យមានសុខភាពល្អ សមត្ថភាព និងសីលធម៌ខ្ពស់សមស្របតាមបរិបទកម្ពុជា ក្នុងការត្រៀមលក្ខណៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តរភាព។

ដើម្បីឱ្យការប្រកួតដំណើរការបានរលូន និងទទួលបានជោគជ័យ, លោក ឯម ភាព  បានផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួតជាតិ និងអន្តរជាតិ ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់  ត្រូវគោរពឱ្យបាននូវបទប្បញ្ញត្តិនៃការប្រកួត ភាពយុត្តិធម៌ និងគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ៕