ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាម៉េរិកសម្រុកធើ្វដំណើរកម្សាន្តនាឱកាសបុណ្យថ្លែងអំណរគុណដល់ព្រះ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលខ្លះ

image


សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអាកាសចរណ៍និងអាកាសយានដ្ឋានធំៗនៅក្នុងសហរដ្ឋអាមេរិក រំពឹងថានឹងទទួលបានចំនួនភ្ញៀវទេសចរដ៏ច្រើនមិនធ្លាប់កើតមានឡើងសម្រាប់រយៈពេលជិត ៣ឆ្នាំមកនេះ ខណៈដែលពលរដ្ឋអាម៉េរិកជាច្រើននាក់បាននាំគ្នាសម្រុកដើរលេងកម្សាន្តនាឱកាសថ្ងៃបុណ្យថ្លែងអំណរគុណដល់ព្រះ ឬហៅថា (Thanksgiving )បានចូលដល់នៅថ្ងៃព្រសហ្បតិ៍ ទី ២៤ ខែវិច្ឆិកានេះ។
ការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុកនៅសហរដ្ឋអាម៉េរិកនាពេលនេះ ក៏ដោយសារតែពលរដ្ឋអាម៉េរិកភាគច្រើនគឺមានការហត់នឿយ ទៅនឹងបញ្ហាវិបត្ដិជំងឺកូវីដ-១៩ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ដែលជាហេតុជម្រុញឱ្យពលរដ្ឋភាគច្រើនកាន់តែចង់ធើ្វដំណើរកម្សាន្តទៅកាន់តំបន់ខាងក្រៅ ស្របពេលដែលស្ថានការណ៍ជំងឺកូវីដ-១៩នៅក្នុងប្រទេសមួយនេះមានភាពប្រសើរឡើងវិញជាបណ្តើរៗ។
ដោយប្រឈមទៅនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ បានធើ្វឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួនក្នុងសហរដ្ឋអាម៉េរិកជួបបញ្ហាកង្វះខាតបុគ្គលិកបំរើការងារ និងយន្តហោះសម្រាប់ការដឹកជញ្ជូន ជាហេតុធើ្វឱ្យតម្លៃសំបុត្រយន្តហោះមានការកើនឡើងគួរឱ្យសម្គាល់។
ក្រុមហ៊ុនអាកាសចរណ៍ United Airlines របស់អាម៉េរិកធ្លាប់រំពឹងថានឹងអាចទទួលបានចំនួនអ្នកដំណើរច្រើនជាង ៥.៥ លាននាក់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខ ដែលចំនួននេះគឺប្រហាក់ប្រហែលទៅនឹងតួលេខកាលពីឆ្នាំ ២០១៩ មុននឹងមានការផ្ទុះឡើងនូវជំងឺកូវីដ- ១៩។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ឯណោះវិញក៏រំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរសរុប ៦ លាននាក់សម្រាប់ឱកាសថ្ងៃបុណ្យថ្លែងអំណរគុណដល់ព្រះជាម្ចាស់ខាងលើនេះដែរ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect