ព័ត៌មានជាតិ

កិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ានលើកទី១៨ ដែលកម្ពុជាធ្វើជាប្រធាន មានឯកសារសំខាន់ៗចំនួន៣ ត្រូវបានពិភាក្សា និងអនុម័ត

image


ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា(ACU) ដែលដឹកនាំដោយលោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានដឹកនាំកិច្ចប្រជុំស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន(អាស៊ាន-ផេក) ដែលបន្តវេនពីការិយាល័យប្រឆាំងអំពើពុករលួយរបស់ប្រទេសប៊្រុយណេដារុស្សាឡាម បានបើកកិច្ចប្រជុំលើកទី១៨ នៅរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំនេះ បានបញ្ជាក់ថា មានឯកសារសំខាន់ៗបំផុតចំនួន៣ របស់អាស៊ាន-ផេក លើកទី១៨ ដែលកម្ពុជាធ្វើជាប្រធាន ត្រូវបានយកមកពិភាក្សា និងអនុម័ត។ ចំពោះឯកសារអនុស្សរណៈនៃការយោគយល់គ្នារបស់អាស៊ាន-ផេក(ASEAN-PAC MoU) ដែលជាឯកសារធម្មនុញ្ញ(Charter) នៃអាស៊ាន-ផេក ដែលបានកែសម្រួលដោយស្មារតីឯកច្ឆ័ន ក៏ត្រូវបានចុះហត្ថលេខាពីសំណាក់ស្ថាប័នប្រឆាំងអំពើពុករលួយទាំង១០ នៅរាជធានីភ្នំពេញនាពេលនោះដែរ។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគី (MoU) រវាងកម្ពុជា និងថៃ និងរវាងកម្ពុជា-មីយ៉ាន់ម៉ា ក៏បានដំណើរការចុះហត្ថលេខានាពេលនោះដែរ។

ក្រៅពីនេះ មានឯកសារពីរទៀត ដែលបានអនុម័តដែរមានឯកសារគោល(Terms of Reference TOR) ជាឯកសារបញ្ជាក់អំពីរបៀបរបបធ្វើការរបស់អាស៊ាន-ផេក និងឯកសារផែនការសកម្មភាព ៣ឆ្នាំ របស់អាស៊ាន-ផេក ២០២៣-២០២៥ ដែលជាឯកសាររៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ ក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានឯកសារទី៤មួយទៀត បានយកមកពិភាក្សាគ្នាដែរគឺ ឯកសារកូនសៀវភៅអេឡិកត្រូនិកអាស៊ាន-ផេក ASEAN-PAC E-Booklet ដែលផ្ដួចផ្ដើមរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ហើយអាចនឹងទទួលការអនុម័តនៅកិច្ចប្រជុំលើកក្រោយ។

សូមបញ្ជាក់ថា ប្រទេសអាស៊ានទាំង ១០ បានចងក្រងប្រទេសអាស៊ានទាំង ១០ ដោយហៅថា ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ីអាគ្នេយ៍ដោយមានឈ្មោះថា ភាគីប្រឆាំងអំពើពុករលួយអាស៊ីអាគ្នេយ៍ Southeast Asia Parties Against Corruption, អក្សរកាត់ SEA-PAC។ ស៊ី-ផេក នៅឆ្នាំ២០០៤ មានសមាជិក ៤ គឺ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសឹង្ហបុរី។ នៅឆ្នាំ២០០៧ ប្រទេសអាស៊ាន ៤ទៀត បានចូលជាសមាជិកគឺ កម្ពុជា ហ្វីលីពីន ថៃ និងវៀតណាម។ នៅឆ្នាំ២០១០ នៅខេត្តសៀមរាប ពេលអង្គភាពប្រឆាំងអំពើពុករលួយ កម្ពុជា (អ.ប.ព.) ជាប្រធាន ស៊ី-ផេក បានបញ្ចូលប្រទេឡាវ ជាសមាជិកទី ១០។ នៅឆ្នាំ ២០១៣ ស្ថាប័នប្រឆាំងអំពើពុករលួយមីយ៉ាន់ម៉ាបានចូលជាសមាជិកទី១០។

លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានស៊ាន-ផេកលើកទី១៨ បានលើកឡើងថា ពេលនេះគឺ ជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ដែលបានទទួលតំណែងបន្តវេនជាប្រធានអាស៊ាន-ផេក ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក ក្រោមប្រធានបទ “រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ ការពង្រឹងសមត្ថភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ និងកិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននីមួយៗ និងក្នុងក្របខណ្ឌអាស៊ាន-ផេក”។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់ដឹកអាស៊ាន-ផេកលើកទី១៨ បានគាំទ្រទាំងស្រុងលើចំណុចមួយរបស់តំណាងមកពីគណៈកម្មការលុបបំបាត់អំពើពុករលួយនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានលើកឡើងថា ប្រទេសជាសមាជិកអាស៊ាន-ផេក មិនមែនត្រឹមតែជាអ្នកជិតខាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបងប្អូនផងដែរ។ ក្នុងនាមជាបងប្អូននឹងគ្នា ត្រូវផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមក និងជួយដល់បងប្អូនណាដែលត្រូវការជំនួយ៕