ព័ត៌មានជាតិ

កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ប្រអប់បណ្តឹងនៅតាមមណ្ឌលអប់រំកែប្រែចំនួន៣ សម្រាប់ទទួលលិខិតជនជាប់ឃុំ

image


ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានដឹកនាំសមាជិក សមាជិកា និងក្រុមមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា ចុះដាក់ប្រអប់បណ្តឹងនៅមណ្ឌលអប់រំកែប្រែទី១(ម១) មណ្ឌលអប់រំកែប្រែទី២(ម២) និងពន្ធនាគាររាជធានីភ្នំពេញ(PJ) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ការដាក់ប្រអប់បណ្តឹងនេះ ជាការផ្តើមគំនិតដោយ លោក កែវ រ៉េមី ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពន្ធនាគារ ក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ។ តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូបអាចដាក់ពាក្យបណ្ដឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាពិនិត្យ អង្កេត និងដោះស្រាយ។

ម្យ៉ាងវិញទៀត ការដាក់ប្រអប់បណ្តឹងចំនួន៣ទីតាំងខាងលើគឺ ជាចំណុចចាប់ផ្ដើម និងជាគម្រោងសាកល្បងមុនពេលឈានដល់ការសម្រេចដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅគ្រប់បណ្តាពន្ធនាគារទូទាំងរាជធានី-ខេត្ត។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា កន្លងមកអគ្គនាយកដ្ឋានពន្ធនាគារ ក៏ដូចជាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងរាជធានី-ខេត្ត តែងតែធ្វើការសហការយ៉ាងជិតស្និទ្ធក្នុងការលើកកម្ពស់ ការគោរព និងការការពារសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ក៏ដូចជាការពង្រឹងនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងពន្ធនាគារ៕