ការនាំចេញពីកម្ពុជា មានកំណើនប្រមាណ១០% ក្នុងឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

ក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៩ រយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឲ្យ អង្គសន្និបាតពិនិត្យ និងពិភាក្សា អំពីការបង្កើតក្រុមប្រឹក្សាច្បាប់ពាណិជ្ជកម្ម សម្រាប់ជំរុញការកសាងច្បាប់សំខាន់ៗ ដូចបានជម្រាបឡើងខាងដើម រួមមាន៖ ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែង និងពិនិត្យលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មផ្សេងទៀត ដើម្បីឲ្យមានសង្គតភាពជាមួយច្បាប់អន្តរជាតិផង និងដែលបម្រើឲ្យឧត្តមប្រយោជន៍របស់កម្ពុជា។

ក្រៅពីការស្នើរឲ្យបង្កើតក្រុមប្រឹក្សាច្បាប់ពាណិជ្ជកម្ម ឯកឧត្តម រដ្ឋមន្ត្រីក៏បានបង្ហាញពីសិទ្ធិផលការងារមួយចំនួនដែលក្រសួងពាណិជ្ជកម្មសម្រេច ក្នុងនោះរួមមានៈ

• ការនាំចេញរបស់កម្ពុជា មានកំណើនប្រមាណ១០% ក្នុងឆ្នាំ២០១៨ ដែលកំណើននេះទទួលបានពីការបន្តកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម ទៅកាន់ទីផ្សារនៃប្រទេស១៤៧ក្នុងពិភពលោក។

• ការសម្រេចបាននូវកិច្ចការកែទម្រង់ស៊ីជម្រៅលើវិស័យជាច្រើនដូចជា ការពង្រឹងអភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ការកសាងនិងវិសោធនកម្មលិខិតបទដ្ឋានច្បាប់ជាច្រើន ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មក្នុងប្រទេស ដើម្បីទ្រទ្រង់ថ្លៃកសិផល ការពារសុវត្ថភាពម្ហូបអាហារ ការពង្រីកកូតានាំចេញអង្ករបន្ថែមទៅកាន់ទីផ្សារចិន និងទីផ្សារដទៃទៀត ការបើកច្រកទីផ្សារក្រៅប្រទេស តាមរយៈចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលកុ្ខណៈទ្វេភាគី និងពហុភាគីជាដើម។

• ការនាំចេញនេះ មានទំហំប្រមាណជា ៦០% នៃ ផ.ស.ស របស់កម្ពុជា
• ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិដែលតាមការប៉ាន់ស្មានគឺមានអត្រាប្រមាណ ៧,៣% ក្នុងឆ្នាំ២០១៨ នេះ
• ក្រសួងពាណិជ្ជកម្ម កំពុងដកស្រង់យុទ្ធសាស្រ្តដែលពាក់ព័ន្ធដល់កិច្ចការពាណិជ្ជកម្មសម្រាប់រៀបចំផែនការសកម្មភាព ដោយកំណត់បង្គោលចរ (milestone) និងសូចនាករ សម្រាប់វាស់វែងលទ្ធផលការងារតាមរយៈពេលកំណត់ជាក់លាក់ផងដែរ។

• ក្រសួងក៏កំពុងតែសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងបញ្ចប់នូវឯកសារសំខាន់មួយទៀតគឺ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (Cambodia Trade Integration Strategy-CTIS) ដែលគ្របដណ្តប់លើ៖ នយោបាយពាណិជ្ជកម្ម និងសមាហរណកម្មតំបន់ យុទ្ធសាស្រ្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការរៀបចំផែនការជាតិសម្រាប់អនុវត្តន៍គោលដៅអភិវឌ្ឍន៍ដោយចីរភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កិច្ចសម្រួលពាណិជ្ជកម្មនិងភស្តុភារកម្ម ការបង្កើតបរិយាកាសពាណិជ្ជកម្មល្អនិងមានភាពប្រកួតប្រជែង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសតូច និងមធ្យម ការបង្កើនខ្សែសង្វាក់តម្លៃបន្ថែមលើផលិតផលនាំចេញ ការធ្វើពិពិតកម្មផ្នែកពាណិជ្ជកម្ម ការជំរុញសេវាកម្មសម្រាប់ទីផ្សារតំបន់ បង្កើនការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ការត្រៀមខ្លួនទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ព្រមទាំងការកសាងសេដ្ឋកិច្ចឌីជីថល ជាដើម៕ អត្ថបទ៖ រ៉ាន់ រើយ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation