ប្រទេសតួកគីបង្កើនកម្លាំងយោធានៅតំបន់ទាំងសងខាងនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសស៊ីរី
| ព័ត៌មានអន្តរជាតិ
SHARE

តួកគី៖ ប្រទេសតួកគីបានចាប់ផ្តើមពង្រឹងនិងបង្កើនកម្លាំងយោធារបស់ខ្លួននៅលើតំបន់ព្រំដែនទាំងសងខាង របស់ខ្លួនជាមួយ ប្រទេសស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងអាន់ការ៉ានិងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាដើម្បីសម្របសម្រួល អោយមានការដកទ័ព របស់អាមេរិកចេញពីប្រទេសស៊ីរី។

សារព័ត៌មានរ៉យទ័របានផ្សាយដោយដកស្រង់សម្តីសាក្សីមួយរូបថា កងកុម្ម៉ង់ដូតួកគីរាប់ពាន់នាក់បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើដំណើរទៅកាន់ព្រំដែនជាមួយស៊ីរីនៅក្នុងស្រុកKirikhan ខេត្តHatay ស្របពេលដែលមានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ របស់ខ្លួន។ សាក្សីដដែលបាននិយាយទៀតថា កាលពីថ្ងៃអាទិត្យ រថយន្តរាប់រយគ្រឿង រួមទាំងរថក្រោះ, កាំភ្លើងធំនិងកាំភ្លើងយន្តជាច្រើនទៀត ក៏បានធ្វើដំណើរសំដៅទៅកាន់ខេត្ត Kilis ដែលស្ថិតនៅតាមព្រំដែនភាគខាងត្បូងជាមួយ ស៊ីរី។

ការពង្រឹងលើវិស័យយោធារបស់តួកគីនេះ ធ្វើឡើង២ថ្ងៃបន្ទាប់ពី លោកប្រធានាធិបតី Tayyip Erdogan បាននិយាយថា ប្រទេសទួរគីបានពន្យារពេលប្រតិបត្តិការយោធាដែលបានគ្រោងទុកទៅលើកងជីវពល YPG របស់ក្រុមឧទ្ទាមឃឺដ នាភាគខាងកើតនៃទន្លេEuphrates ភាគខាងជើងប្រទេសស៊ីរី នៅពេលប្រធានាធិបតីអាមេរិក សំរេចចិត្តដកទ័ពចេញពីស៊ីរីនោះ។
លោកប្រធានាធិបតីតួកគី ក៏បាននិយាយផងដែរថា ប្រទេសតួកគីនឹងគ្រប់គ្រងលើក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS។

ជុំវិញបញ្ហានេះ សារព័ត៌មានអន្តរជាតិបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ធ្នូនេះថា ក្រៅពីការព្រមព្រៀងគ្នាតាមទូរស័ព្ទដើម្បីបង្កើតការ សំរបសំរួលផ្នែកយោធា និងការទូត ក៏ដូចជាការដកទ័ពអាមេរិកពិតំបន់ទាំងឡាយនៅស៊ីរី រវាងលោកErdogan និងប្រធានាធិបតី អាមេរិក Donald Trump កាលពីថ្ងៃអាទិត្យនោះ មេដឹកនាំទាំងពីរគឺបានពិភាក្សាគ្នា ច្រើនចំនុច ស្តីពីបញ្ហាស៊ីរី,ក្រុមISIS ក៏ដូចជាការ ពង្រីកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរអាមេរិក-តួកគី។

សូមបញ្ជាក់ផងដែរថា ក្រសួងការពារជាតិអាមេរិក បានអនុម័តហើយលើបទបញ្ជាដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី តាមការចង់បានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បើទោះជាសម្ព័ន្ធមិត្តរបស់ខ្លួន បង្ហាញការសោក ស្ដាយនិង មិនពេញចិត្តចំពោះការសម្រេចចិត្តនេះក៏ដោយ។ ហើយដោយសារបញ្ហានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ក៏បានប្រកាសលាលែងចេញពីមុខតំណែងដោយសារតែការខ្វែងគំនិតគ្នាជាមួយលោក ដូណាល់ ត្រាំ ហើយទន្ទឹមគ្នានោះ ដែរ សម្ព័ន្ធមិត្តលោកខាងលិចរបស់អាមេរិក និងក្រុមអ្នកនយោបាយអាមេរិកមួយចំនួន ក៏បានសម្ដែងការសោកស្ដាយ ចំពោះការ សម្រេចចិត្តដកកងទ័ពរបស់លោក ត្រាំ ផងដែរ ពីព្រោះវាអាចនឹងបំផ្លាញដល់ផលប្រយោជន៍សន្តិសុខជាតិអាមេរិក ដែលនឹងទុក ឱកាសឱ្យរុស្ស៊ី និងអ៊ីរ៉ង់ពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទោះយ៉ាងនេះក្តី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើ Twitter កាលពីថ្ងៃអាទិត្យថា អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Patrick Shanahan នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ជំនួសលោក James Mattis បានលាលែង ចេញពីមុខតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

គួររំលឹកថា កាលពីថ្ងៃពុធសប្ដាហ៍មុន សេតវិមានរបស់លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងដកទ័ពចេញពីប្រទេសស៊ីរី នៅរយៈពេលប៉ុន្មានខែខាងមុខ ក្រោមហេតុផលថា ក្រុម ISIS ត្រូវបានកម្ចាត់ ហើយថាវានឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់ក្រុមចំរុះអន្តរជាតិប្រឆាំងនឹង ISIS នោះទេ។ កងទ័ពអាមេរិកជាង២,០០០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងឈរជើង នៅក្នុងប្រទេសស៊ីរ ដើម្បីជួយក្រុមឧទ្ទាមស៊ីរីប្រយុទ្ធប្រឆាំងនឹងពួក ISIS ក៏ដូចជាកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់គាំទ្រដោយរុស្ស៊ី និងអ៊ីរ៉ង់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation