កីឡា

បែលហ្ស៊ិកត្រូវការឈ្នះក្រូអាតដាច់ខាតដើម្បីធានាការឡើងទៅវគ្គ16ក្រុមចុងក្រោយយប់នេះ

image



ការប្រកួតរវាងក្រូអាត និងបែលហ្ស៊ិក ក្នុងពូល F នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 នឹងអាចសម្រេចជោគវាសនារបស់ក្រុមទាំងពីរ ក្នុងការឈានទៅវគ្គ 16 ក្រុមចុងក្រោយ ខណៈការប្រកួតនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Ahmad bin Ali ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង 9:30 នាទីយប់តទៅ។

គ្រូបង្វឹក Roberto Martinez របស់ក្រុមបែលហ្ស៊ិកដែលឈរនៅលេខ 2 ក្នុងចំណាត់ថ្នាក់ពិភពលោក បានឈ្នះកាណាដា 1-0 មុនពេលចាញ់ម៉ារ៉ុក 2-0 ដែលធ្វើឱ្យពួកគេប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូល ប្រសិនបើស្មើ ឬចាញ់ក្រូអាតយប់នេះ។

សូមជម្រាបថា បែលហ្ស៊ិកបានឡើងដល់វគ្គ 8 ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ធំៗចំនួន 4 ផ្សេងៗគ្នាកន្លងមក ហើយទទួលបានចំណាត់ថ្នាក់លេខ 3 កាលពី World Cup 2018 ។

បែលហ្ស៊ិក ត្រូវតែឈ្នះដើម្បីប្រាកដថាអាចឡើងដល់វគ្គ 16 ក្រុមចុងក្រោយ ប៉ុន្តែលទ្ធផលស្មើ នឹងគ្រប់គ្រាន់សម្រាប់ក្រុមជើងឯករងឆ្នាំ 2018 (ក្រូអាត) ក្នុងការឈានទៅវគ្គបន្ត។

Nikola Vlasic របស់ក្រូអាត ត្រូវបានគេរំពឹងថានឹងអវត្តមានសាជា​ថ្មីដោយ​សាររបួស។ គ្រូបង្វឹកបែលហ្ស៊ិក Roberto Martinez នឹងត្រូវធ្វើការផ្លាស់ប្ដូរមួយដោយសារតែ Amadou Onana ត្រូវបានព្យួរ។ Romelu Lukaku បានបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមជាកីឡាករបម្រុងពេលប៉ះម៉ារ៉ុក បន្ទាប់ពីជាសះស្បើយពីរបួសភ្លៅ។

កម្មវិធីផ្សាយបន្តផ្ទាល់យប់នេះ៖

-ក្រូអាត Vs បែលហ្ស៊ិក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង CNC តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-កាណាដា Vs ម៉ារ៉ុក ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង9:30នាទីយប់តទៅ
-ជប៉ុន Vs អេស្ប៉ាញ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTNនិង CNC តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ
-កូស្ដារីកា Vs អាល្លឺម៉ង់ ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង1:30នាទីរំលងអធ្រាត្រតទៅ៕