ព័ត៌មានជាតិ

បទយកការណ៍៖ ២០ឆ្នាំ នៃសន្តិភាពនៅកម្ពុជា

image

២៩ ធ្នូ ១៩៩៨ បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាទាំងស្រុង ២៩ធ្នូ ២០១៨ ខួប២០ឆ្នាំការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងជាថ្ងៃសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

“វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា” ត្រូវបានបញ្ចុះបឋមសិលា ចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការ ចង្អុលបង្ហាញណែនាំដោយផ្ទាល់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ តាមការប្រគល់ភារកិច្ចជាក់ស្តែង របស់រាជរដ្ឋាភិបាល។

វិមានឈ្នះឈ្នះ មានកម្ពស់ប្រមាណ ៥៤ម៉ែត្រ ទទឹង ៣៦ម៉ែត្រ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន៨ហិចតា ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខពហុកីឡដ្ឋានជាតិ «មរតកតេជោ» ក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់។ វិមានដែលយកគំរូតាមរចនាបទប្រាង្គប្រាសាទនានានេះ ត្រូវបានសាងសង់ឡើង ដើម្បីទុកជាមរតក សម្រាប់កូនខ្មែរជំនាន់ក្រោយ ស្វែងយល់ពីការបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុនសែន។ ក្រៅពីសំណង់វិមាននេះ ក៏មានការសាងសង់កន្លែងហាត់ប្រាណ បណ្ណាល័យតម្កល់ឯកសារ កន្លែងបញ្ចាំងភាពយន្តឯកសារ សាលតាំងរូបថតប្រវត្តិសាស្ត្រសិល្បៈ និងកន្លែង សម្រាប់សិក្សាស្រាវជ្រាវនានា ជាពិសេសសិលាចារឹកដែលត្រូវរៀបចំធ្វើជាច្រើនភាសា ដូចជា អង់គ្លេស បារាំង ចិន ជប៉ុនជាដើម។

នាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់សំណង់វិមានឈ្នះឈ្នះ និងជាអគ្គនាយកនយោបាយ និងកិច្ចការបទេសនៃក្រសួងការពារជាតិ បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ គ្រោងដាក់បញ្ចូលសំណង់វិមានឈ្នះ ឈ្នះ ក្នុងកម្មវិធីសិក្សានាពេលខាងមុខ ដោយសារវិមាននេះ ប្រៀបបានដូចជា មជ្ឈមណ្ឌលផ្ទុកឯកសាររបស់ជាតិទាំងមូល។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ មានប្រសាសន៍បន្តថា វិមានឈ្នះ ឈ្នះ មានចែកចេញជា ច្រើនតំបន់ ដូចជា វិមានកណ្តាល សារមន្ទីរខាងក្នុង តំបន់សុខដុមនីយកម្ម និងតំបន់សមិទ្ធផល។ នាយឧត្តម សេនីយ៍ បន្តថា សម្បត្តិរួមរបស់ ជាតិជាលក្ខណៈប្រវត្តិសាស្រ្តនេះ ត្រូវបានសាងសង់ដើម្បីរម្លឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់សម័យ កាល ដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបាន ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍កន្លងមក ដែលនឹងក្លាយជាកេរ្តិ៍មរតកជានិរន្តក្នុងសម័យតេជោសែនសម្រាប់កូនចៅជំនាន់ក្រោយ។ឯកឧត្តមបញ្ជាក់ថា នៅពេលយើងធ្វើដំណើរចូលដល់វិមាននេះ យើងមានអារម្មណ៍ថា កំពុងមានសន្តិភាព និងសុខវត្ថិភាព។

ខ្លឹមសារនៃនយោបាយឈ្នះឈ្នះ គឺមានចំនុចសំខាន់នៅពេលដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទទួលជួបជាមួយ អតីតថ្នាក់ដឹកនាំនៃរបបខ្មែរក្រហម បង្ហាញថា សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងហើយ ដូចនេះ ថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ ជាទិវានៃ ការកំណត់នយោបាយឈ្នះ ឈ្នះ និងបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងមានឯកភាពជាតិទាំងស្រុង ហើយសច្ចៈភាព ជាប្រវត្តិសាស្ត្រនេះ អាចចាត់ទុកជា "ថ្ងៃកំណើតទី៣" បន្ទាប់ពីថ្ងៃ៧មករាដែលជា" ថ្ងៃកំណើតទី២"នោះ។ ដូចនេះហើយ រាជរដ្ឋាភិបាល បានកំណត់ការកសាងវិមានឈ្នះឈ្នះ នៅតាមទីតាំងនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ទទួលបាន ជោគជ័យដូចជា ភ្នំពេញ កំពង់ស្ពឺ អន្លង់វែង និងខេត្តប៉ៃលិន សំឡូត ជាដើម។

យោងតាមសៀវភៅ «ទម្រាំមានថ្ងៃនេះ» ដែលនិពន្ធដោយសម្តេចទៀបាញ់ នៅត្រង់ផ្នែកទី៣ មេរៀននិងបទពិសោធន៍សំខាន់ៗ បានសរសេរថា នយោបាយឈ្នះឈ្នះរបស់សម្តេច តេជោ ហ៊ុនសែន គឺមានលក្ខណៈពិសេសដោយសារបញ្ចប់សង្គ្រាមមិនមែន តាមការបង្ហូរឈាម ហើយទន្ទឹមនឹងនេះ ក៏មិនអនុញ្ញាត ឱ្យ ប្រទេសមានការបែកបាក់ឡើយ។ សម្តេចពិជ័យសេនា អះអាងថា នយោបាយឈ្នះឈ្នះ នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ក៏ប៉ុន្តែវាកើតឡើងដោយសារមូលហេតុច្រើនដែលកើតចេញ ពីទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោហ៊ុនសែន។

សម្តេចតេជោ ហ៊ុនសែន បានដាក់ចេញនូវគោលនយោបាយឈ្នះៗពីពាក់កណ្តាលទសវត្ស ៩០ ខ្លឹមសារស្នូលនៃគោល នយោបាយឈ្នះឈ្នះ គឺអនុវត្តរូបមន្ត DEFIT ដែលភាសារអង់គ្លេសប្រែថា ធ្វើឱ្យចុះចាញ់ ដែលមានន័យសំរាយថា ៖ D Divide បំបែកបំបាក់ឫធ្វើឱ្យបែកបាក់ ,I Isolate ធ្វើឱ្យឯកោ, F Finished បញ្ចប់, I Intergrade សមាហរណកម្ម , D Development អភិវឌ្ឍន៍។

សម្តេចតេជោមានប្រសាសន៍ កម្ពុជាអបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តនៃ វិមាន ឈ្នះ ឈ្នះ ដែលត្រូវបានកសាងរួចស្រេចជាស្ថាពរនៅលើទឹកដីសុវណ្ណភូមិ។ វិមានឈ្នះ ឈ្នះ គឺជាតំណាងនៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមានឈ្នះ ឈ្នះ គឺបញ្ជាក់ច្បាស់ថា កម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេ
ះតទៅ។វិមានឈ្នះ ឈ្នះ គឺតំណាងអោយកម្ពុជាមានសុខសន្តិភាព និងឈ្នះជានិច្ចនិរន្តរ៍។

សម្តេចតេជោ បានអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិចូលរួមសម្ពោធ វិមានឈ្នះ ឈ្នះ ដែលប្រារព្វធ្វើនៅថ្ងៃទី ២៩ ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ ២០១៨នេះ នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានជាតិអូឡាំពិកថ្មី នៅតំបន់អភិវឌ្ឍន៌ លីយ៉ុងផាត់។

ទាក់ទងនឹងការសម្ពោធវិមានឈ្នះឈ្នះនេះ ប្រជាពលរដ្ឋ បានបញ្ចេញទស្សនៈគាំទ្រ ចំពោះការសាងសង់ និងសម្ពោធជាផ្លូវការ នូវវិមានឈ្នះៗនេះ ។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ផ្សព្វផ្សាយថា កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវផ្អាកធ្វើចរាចររយៈពេល៥ថ្ងៃ ពីថ្ងៃទី២៨ធ្នូ ដល់០១មករា ដើម្បីរៀបចំសម្ពោធវិមានឈ្នះឈ្នះ។

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៍ ជាប្រវត្ថិសាស្រ្តរយៈពេល៣ថ្ងៃនេះ ក៏មានការរៀបចំ ពិព័រណ៌អំពីសមិទ្ឋផលជាតិអន្តរជាតិនានា សរុបចំនួនប្រមាណ៨០០ស្តង់។ កម្មវិធីប្រដាល់គុណដណ្តើមខ្សែរក្រវ៉ាត់។ ក្បូនជិះកង់កំសាន្ត។ កីឡាវាយកូនហ្គោល អុកចត្រង្គ បុរសកម្លាំងខ្លាំង ប្រណាំងរទេះគោ ក្របី រទេះសេះ កាយវប្បកម្ម ក្បាច់គុណ។ កម្មវិធីរបាំ សិល្បៈ តន្រ្តី ការរាំកំសាន្ត និងការសម្តែងល្ខោនរឿង "ដំណើរជាតិកម្ពុជា"។ និងការបាញ់កាំជ្រួចបែបថ្មី3D៕ (បទយកការណ៍៖ រៀបចំដោយ លោក អោម ចែតច័ន្ទណារ៉ា )