ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិន៖ ចិនត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី

image

ចិន៖ លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីជាអត្ថប្រយោជន៍សម្រាប់ ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញពិភពលោក។

ការគួសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនបែបនេះ ធ្វើឡើងនៅមុនពេលដែល ប្រទេសយក្សទាំងពីរ ចិននិងអាមេរិក គ្រោងនឹងប្រារព្ធខួបលើកទី៤០ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ២០១៩។

លោក Lu Kang បន្ថែមថា ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ចំណងទំនាក់ទំនងរវាង ចិននិងអាមេរិក បានធ្វើដំណើររទៅមុខ ដោយឆ្លងកាត់ផ្លូវមួយដ៏រអាក់រអួល ប៉ុន្តែការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានក្លាយជាសមិទ្ធផល ប្រវត្តិសាស្ត្រ។

អ្នកនាំពាក្យក្រសួងការបរទេសចិន ឱ្យដឹងទៀតថា កាលពី៤០ឆ្នាំមុន មានពលរដ្ឋអាមេរិកនិងចិន ធ្វើដំណើរទៅមកប្រទេសទាំងពីរ ក្នុងចំនួនខ្ទង់ពាន់តិចតួចប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០១៧ ចំនួនពលរដ្ឋដែលធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ បានកើនឡើង ដល់ជាង ៥លាន ៣សែននាក់។ ទន្ទឹមនឹងនេះដែរ ទំហំពាណិជ្ជកម្មទ្វេភាគីក៏បានកើនពីតិចជាង ២,៥ ពាន់លានដុល្លារ ដល់ជាង ៥៨០ពាន់លានដុល្លារអាមេរិក។

លោក Lu Kang សង្កត់ធ្ងន់ទៀតថា ប្រទេសចិននិងសហរដ្ឋអាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ នៅកម្រិតទ្វេភាគី ,ថ្នាក់តំបន់ និងសកលលោក ក្នុងការពន្លឿនដំណោះស្រាយសមស្របក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំង ភេរវកម្មអន្តរជាតិ ការដោះស្រាយវិបត្តិហិរញ្ញវត្ថុសកលលោក និងជំរុញការរីកចម្រើនរបស់សកលលោក៕

ព័ត៌មានទាក់ទង...