ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជិត ២ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

image


កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរណ៍ជាតិចំនួន  ១៩,៦៩៣នាក់ និងភ្ញៀវអន្តរជាតិ ៤៤០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម រយៈពេល ៤ថ្ងៃ គឺថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

លោក រស់ សុខ បានបញ្ជាក់ថា ផ្ញៀវទេសចរជិត ២ម៉ឺននាក់នេះ បានស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងដើរលេងកម្សាននៅតាមរមណីយដ្ឋាននានាក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ ខេត្តកំពង់ស្ពឺជាខេត្តមួយដែលមានរមណីយដ្ឋានសម្បូរបែប ដែលគិតមកដល់បច្ចុប្បន្នមានរហូតដល់ទៅ ២០កន្លែង ក្នុងនោះមានរមណីយដ្ឋានសហគមន៍ ៨កន្លែង រមណីយដ្ឋានកែច្នៃ ៨កន្លែង រមណីយ៍ដ្ឋានកសិទេសចរណ៍ ៣កន្លែង និងវាយកូនហ្គោល ១កន្លែង។ ដោយសារតែសោភណ្ឌភាព និងភាពទាក់ទាញនៃតំបន់រមណីយដ្ឋានទាំងអស់នេះហើយទើបធ្វើឱ្យភ្ញៀវទេសចរទៅលេងច្រើនមិនចេះដាច់ ទោះមិនមែនជាថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យក៏ដោយ។

លោកប្រធានមន្ទីរទេសចរណ៍ បានគូសបញ្ជាក់ថា ចំនួនតួលេខនេះ បានបង្ហាញពីការងើបឡើងវិញនៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នៅតាមរមណីយដ្ឋាននានាលើទឹកដីខេត្តកំពង់ស្ពឺ បន្ទាប់ពីរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ប៊ុត សារុន