ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជាង១ម៉ឺន៤ពាន់នាក់ បានទៅលេងកម្សាន្តខេត្តមណ្ឌលគិរី នាឱកាសបុណ្យចូលឆ្នាំថ្មីព្រពៃណីចិន

image


​មណ្ឌលគិរី៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន វៀតណាម​ មានអ្នកទេសចរជាច្រើនបានចូលមកខេត្តមណ្ឌលគិរី ដើម្បីដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា។ ដំណើរកម្សាន្តរបស់អ្នកទេសចរបានចូលមកលេងកម្សាន្តជាបន្តបន្ទាប់ តាំងពីថ្ងៃទី២២ ខែមករា និងថមថយទៅវិញ នៅថ្ងៃទី២៤ ខែមករា។
យោងតាមទិដ្ឋភាពជាក់ស្ដែង អ្នកទេសចរបានទៅលេងនៅតាមគោលដៅផ្សេងៗគ្នា មានដូចជាភ្នំដោះក្រមុំ ថតរូបអនុស្សាវរីយ៍នៅចំណុចរង្វង់មូលគោព្រៃ ទៅកម្សាន្តនៅសមុទ្រឈើ ហើយនៅតាមរមណីយដ្ឋានទេសចរណ៍នានាទៀត ក៏មានអ្នកទេសចរបានទៅដល់គ្រប់កន្លែងផងដែរ។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានថ្លែងថា គិតរយៈពេល៤ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម ខេត្តមណ្ឌលគិរីមានអ្នកទេសចរចូលមកលេងកម្សាន្តសរុប ១៤,៣៥៦នាក់ ថយចុះ ១០,០៨% បើប្រៀបធៀបឆ្នាំ២០២២ មានចំនួន១៥,៩៦៧នាក់ ក្នុងនោះទេសចរជាតិប្រមាណ ១៤,១៣៩នាក់ ថយចុះ ១០,៣០% ទេសចរបរទេសប្រមាណ ២១៧នាក់ កើន ៦,៨៩% ចំណែកសន្តិសុខសណ្ដាប់ធ្នាប់គឺមានភាពល្អប្រសើរទាំងអស់។
​គួរបញ្ជាក់ដែរថា សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរមកកាន់ខេត្តមណ្ឌលគិរី ចុងខែមករានេះ ពិតជាមានភាពល្អប្រសើរ និងប្លែក ត្រង់ថាជាទូទៅនៅចុងខែមករា ឱកាសធាតុបានប្រែមកជាធម្មតា មិនត្រជាក់នោះទេ ប៉ុន្តែនៅឆ្នាំនេះអាកាសត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរីនៅឡើយ ដែលបរិយាកាសបែបនេះគឺអ្នកទេសចរភាគច្រើនចូលចិត្តបំផុត៕
អត្ថបទ៖ ប៊ុត សុភ័ក្រ