សង្គម

បុណ្យចូលឆ្នាំចិន៤ថ្ងៃ ភ្ញៀវចំនួន ១លាននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

image


ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំចិនរយៈពេល ៤ថ្ងៃ (២១-២៤ ខែមករា ២០២៣) មានភ្ញៀវទេសចរបានចេញដើរកម្សាន្តទូទាំងប្រទេសសរុប ១,០៤៩,២២២នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ១,០០៧,១៦៦នាក់ និងភ្ញៀវបរទេសចំនួន ៤២,០៥៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៤ថ្ងៃនេះ រួមមាន ខេត្តព្រះសីហនុ ២៩៦,០២៨នាក់, ខេត្តសៀមរាប ១០៥,៤៨១នាក់, ខេត្តបាត់ដំបង ១០២,៧៧៨នាក់, ខេត្តកំពត ៨២,១៩៩នាក់, ខេត្តប៉ៃលិន ៨១,៥០០នាក់, ខេត្តកំពង់ចាម ៦៧,៩១៤នាក់, ខេត្តកែប ៦៧,០៣០នាក់។

ដោយសារចូលឆ្នាំចិនឆ្នាំនេះប៉ះចំចុងសប្តាហ៍ បានសង្កេតឃើញថា ចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានសភាពផុសផុលច្រើន ខណៈដែលប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមធ្វើដំណើរទៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រ ដើម្បីរៀបចំសែនតាមប្រពៃណីចិន។

ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចថ្ងៃទី២៤ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត ស្របពេលអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម។
គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរកកកុញ ខណៈប្រជាពលរដ្ឋភាគច្រើនដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ខ្លះទៀតដើរកម្សាន្តច្រើនគោលដៅ។

ដោយឡែក សម្រាប់ខេត្តព្រះសីហនុ ភ្ញៀវទេសចរភាគច្រើនទៅព្រឹកមកវិញល្ងាចជាមួយការធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋមួយចំនួនបានយកតាមខ្លួននូវម្ហូបអាហារដែលបានសែនរួច ទៅបរិភោគដើម្បីកាត់បន្ថយចំណាយមួយចំនួនផងដែរ។

ចំពោះការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរមិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់។ គណៈបញ្ជាការឯកភាពគ្រប់រាជធានី-ខេត្ត មន្ទីរទេសចរណ៍ បានចាត់កម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗ និងគោលដោទេសចរណ៍នានា៕