ព័ត៌មានអន្តរជាតិ

ប្រមុខដឹកនាំអ៊ុយក្រែន ៖ អ៊ុយក្រែនត្រូវការឱ្យប្រទេសជាសម្ព័ន្ធមិត្តសម្រេចចិត្តច្បាស់លាស់ជុំវិញការបញ្ជូនរថក្រោះទំនើប

image


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃអង្គារសប្តាហ៍នេះ បានមានប្រសាសន៍ថា រដ្ឋធានី Kyiv ចង់ឱ្យសម្ព័ន្ធមិត្តទាំងអស់សម្រេចចិត្តឱ្យបានច្បាស់ ថាតើពួកគេគួរតែបញ្ជូនរថក្រោះទំនើបបន្ថែមដល់អ៊ុយក្រែនដើម្បីពង្រឹងការការពារប្រទេសប្រឆាំងនឹងរុស្ស៊ីឬក៏យ៉ាងណា ។

ប្រភពផ្សេងៗគ្នាបានខ្សឹបប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីម្សិលមិញថា អាឡឺម៉ង់នឹងបញ្ជូនរថក្រោះ Leopard ២ ទៅឱ្យអ៊ុយក្រែន ហើយក៏អនុញ្ញាតឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នា ស្របពេលដែលសហរដ្ឋអាម៉េរិកអាចផ្តល់ការផ្គត់ផ្គង់រថក្រោះ Abrams ដល់អ៊ុយក្រែន ។ ទោះបីជាមានព័ត៌មានដូចនេះក៏ដោយ ក៏ទីក្រុងប៊ែកឡាំង និងទីក្រុងវ៉ាស៊ីនតោន ហាក់នៅមិនទាន់បានបង្ហាញសញ្ញាឯកភាពជាផ្លូវការណាមួយជុំវិញព័ត៌មាននេះឡើយ ។

លោក Zelenskiy បានលើកឡើងតាមរយៈវីដេអូជាប្រចាំរបស់លោកថា តម្រូវការរបស់អ៊ុយក្រែនក្នុងបញ្ហានេះ មិនមែនត្រូវការតែរថក្រោះ ៥, ១០, ឬ ១៥គ្រឿងនោះទេ ប៉ុន្តែអ៊ុយក្រែនមានតម្រូវការច្រើនជាងនេះ ដូចនេះហើយ អ៊ុយក្រែងកំពុងរង់ចាំការសម្រេចចិត្តចុងក្រោយពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តនានា ដើម្បីទទួលបានព័ត៌មានពិតប្រាកដស្តីពីការដឹកជញ្ជូន ។

ផ្សេងពីនេះ អធិការបតីអាឡឺម៉ង់ លោក Olaf Scholz តែងតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទង្វើផ្សេងៗដែលអាចជំរុញឱ្យមានសង្គ្រាមកាន់តែខ្លាំងឡើងជាមួយរុស្ស៊ី ខណៈការភ័យខ្លាចនោះ គឺជាហានិភ័យដែលអាចទាញយកសម្ព័ន្ធមិត្តណាតូឱ្យធ្លាក់ចូលទៅក្នុងជម្លោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect