ព័ត៌មានអន្តរជាតិ

ផ្ទុះហិង្សាមិនដាច់សូរ ដោយសារតែបាតុករប៉េរូឱបក្រសោបរដ្ឋាភិបាលចាស់ហើយប្រឆាំងរដ្ឋាភិបាលថ្មី

image


ប៉េរូ៖ នៅថ្ងៃអង្គារសប្តាហ៍នេះ អំពើហិង្សាបានផ្ទុះឡើងជាថ្មីម្តងទៀតនៅជិតសភា ក្នុងរដ្ឋធានីលីម៉ា នៃប្រទេសប៉េរូ អំឡុងពេលក្រុមបាតុករនាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ពោលគឺមានរយៈពេល ៦ថ្ងៃ ក្រោយបាតុកម្មដង្ហែក្បួន "កាន់កាប់ទីក្រុងលីម៉ា" ដែលបានបង្កជាជម្លោះ កាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីក្រុមបាតុករបានទាមទារឱ្យប្រធានាធិបតីប៉េរូថ្មី លាលែងពីតំណែង រួមទាំងស្នើរឱ្យបិទសភា និងបង្កើតរដ្ឋធម្មនុញ្ញថ្មីជាដើម ។

ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើងជាថ្មី បន្ទាប់ពីក្រុមអ្នកតវ៉ាបាននាំគ្នាសម្រុកចូលទៅតាមដងផ្លូវនានាដែលមានការបាំងរនាំង និងដាក់ជញ្ជាំងហាមឃាត់ដោយក្រុមមន្ត្រីនគរបាលកុបកម្ម ។ មន្ត្រីនគរបាលក៏បានតបតតាមរយៈការបាញ់កាំភ្លើងដើម្បីបន្លាចដល់ក្រុមបាតុករ និងបានគប់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកចូលរួមបាតុកម្ម។

នៅថ្ងៃអង្គារដដែល លោកស្រីប្រធានាធិបតី Dina Boluarte បានបញ្ជាក់ថា ការប៉ះទង្គិចគ្នាចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់៤០នាក់ និងខូចខាតសម្ភារៈផ្សេងទៀតសរុបជាទឹកប្រាក់មានចំនួន ១,៣០០ដុល្លារអាម៉េរិក ។

ថ្លែងក្នុងសន្ទរកថានៅតាមកញ្ចក់ទូរទស្សន៍ មេដឹកនាំស្រីរូបនេះ បានស្តីបន្ទោសចំពោះការតវ៉ាដែលបន្តរីករាលដាលជាបន្តបន្ទាប់ ក្រោយសភាប៉េរូបានបណ្តេញអតីតប្រធានាធិបតី Pedro Castillo ចេញពីតំណែងកាលពីខែធ្នូ ឆ្នាំមុន ព្រោះតែលោកព្យាយាមចង់រំលាយសភាដោយខុសច្បាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect