នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា ប្រទេសរបស់លោកបានរារាំងការវាយប្រហារភេរវកម្មជាច្រើននៅក្នុងប្រទេសជាង៣០
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេវាចារកម្ម និងសន្តិសុខរបស់ប្រទេសអ៊ីស្រាអែលបានរារាំងផែនការវាយប្រហារភេរវកម្មជាច្រើននៅក្នុងប្រទេសជាង៣០ ដោយរួមទាំងការធ្លាក់យន្តហោះមួយផងដែរ។
លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានថ្លែងបែបនេះក្នុងអំឡុងការធ្វើសន្និសីទកាសែតរួមគ្នាជាមួយប្រធានាធិបតីប្រទេសប៉ាណាម៉ា លោក វ៉ាន់ ខាឡូស វ៉ារេឡា (Juan Carlos Varela) ដែលបានទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម។
លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បាននិយាយថា ភេរវករដែលលេចធ្លោបំផុតនៅក្នុងសម័យនេះគឺប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មដ៏អាក្រក់នៅក្នុងប្រទេសអាហ្សង់ទិន ហើយលោកគិតថានៅមានលើសហ្នឹងទៀត។
សូមរំលឹកថា កាលពីសប្តាហ៍មុន ប្រទេសអ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅជាច្រើនរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយរ៉ុក្កែតពីសំណាក់ប្រទេសអ៊ីរ៉ង់ទៅលើតំបន់ដែលគ្រប់គ្រងដោយប្រទេសអ៊ីស្រាអែល ដែលនេះគឺជាការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ខ្លាំងក្លាបំផុតរវាងសត្រូវដ៏ជូរចត់ទាំង២នេះ។
ប្រទេសអ៊ីស្រាអែលក៏បានព្រមានផងដែរថា គេនឹងមិនអត់ទ្រាំឲ្យប្រទេសអ៊ីរ៉ង់ដែលជាសត្រូវស៊ីសាច់ហុតឈាមរបស់គេបង្កើតវត្តមានយោធាមកដល់មាត់ទ្វារផ្ទះរបស់គេទេ ខណៈដែលបច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់កំពុងរួមគ្នាជាមួយកងកម្លាំងប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាសាដ (Bashar al-Assad) ប្រយុទ្ធប្រឆាំងនឹងជម្លោះក្នុងប្រទេសស៊ីរី៕