កម្ពុជានឹងប្រារព្ធទិវាជ័យជម្នះ៧មករាខួប៤០ឆ្នាំ ក្នុងទ្រង់ទ្រាយធំ ដែលពុំធ្លាប់មានពីមុនមក ដោយមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍CNCថា ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា២០១៩) ដែលប្រារព្ធធ្វើនៅថ្ងៃចន្ទទី៧ មករា ឆ្នាំ២០១៩ ដើមសប្តាហ៍ក្រោយនេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ។

មហាមីទ្ទិញទិវាជ័យជម្នះ ៧មករានេះ នឹងមានការអ្នកចូលរួមអបអរសាទរជាង ៥ម៉ឺននាក់ ដែលជាមន្រ្តីគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមកពី២៥ខេត្ត-រាជធានី,មន្រ្តីគណបក្សមកពីបណ្តាប្រទេសនានានៅលើពិភពលោក ព្រមទាំងបណ្តាអង្គទូត, អង្គការ អន្តរជាតិ និងតំណាងគណបក្សនយោបាយនានា ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា គណបក្សដែលជាសម្ព័ន្ធភាព របស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។

យោងតាមតារាងកម្មវិធីឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចហេងសំរិន នឹងអញ្ជើញឡើងលើរថយន្តបើកដំបូលសួរសុខ ទុក្ខសមាជិកសមាជិកាអង្គមហាមីទ្ទិញមួយជុំ រួចឡើងលើវេទិកាកិត្តិយស។ ក្នុងឱកាសដែលសម្តេចទាំង២ នៅលើរថយន្តបើក ដំបូលនោះ អង្គមហាមីទ្ទិញ នឹងបង្ហាញចលនាស្របគ្នាដោយបង្ហាញពាក្យស្លោក អបអរសាទរខួប ៤០នៃទិវាជ័យជម្នះ ៧មករា។ បន្ទាប់មក នឹងមានព្រះសង្ឃចំនួន៤០អង្គស្វាធ្បាយជយន្តោប្រសិទ្ធិពរជ័យចំពោះគណៈអធិបតីនិងអង្គមហាមីទ្ទិញទាំងមូល។

លុះបន្ទាប់មក ក្រោយពីគោរំទង់ជាតិនិងវិញ្ញាណក្ខន្ធជនរងគ្រោះដោយរបបប្រល័យពូជសាសន៍ និងយុទ្ធជនពលី នឹងមានការ សំដែងសិល្បៈរបាំផ្ការំដួល នៃយុទ្ធសាស្រ្តចតុកោណ ដោយសិល្បៈករសិល្បការិនី នៃក្រសួងវប្បធម៌ មុនពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងសុន្ទរកថា ទៅកាន់អង្គមហាមីទ្ទិញ។ ចលនាស្របគ្នា នឹងបង្ហាញពាក្យស្លោក អបអរ សាទរខួប៤០ នៃទិវាជ័យជម្នះ៧មករា ចំនួន២ដង និងងមានពិធីហែក្បួនព្យុះហយាត្រា មហាជន តំណាងខេត្ត និងរាជធានី ដោយរថយន្តចំនួន២៩គ្រឿង ដោយមានផែនក្រុមត្រែទ័ពនិងបន្ទាប់មកផែនត្រែកងកាយឫទ្ធិ ហើយរថយន្តដែលចូលរួមពិធីដង្ហែ ក្បួនព្យុហយាត្រានាឱកាសដ៏មហានក្ខត្តឫក្សនោះ រួមមាន រថយន្ត៣គ្រឿង ជារបស់គណៈកម្មការរៀបចំពិធី រថយន្ត២៥ទៀត ជារបស់ខេត្តនិងរាជធានី និងចុងក្រោយ រថយន្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

លុះចុងក្រោយបំផុត មានក្រុមសិល្បៈសំដែង បិទក្បួនព្យុះហយាត្រា ហើយក្នុងខណៈដង្ហែក្បួនព្យុះហយាត្រាមហាជន ខេត្តរាជធានី នឹងមានកាបង្ហាញចលនាស្របគ្នាម្តងទៀត ដោយបើកបង្ហាញពាក្យស្លោក ជ័យយោសន្តិភាពប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ និងពាក្យស្លោកមួយទៀត គឺជ័យយោគណបក្សប្រជាជនកម្ពុជា ដោយបង្ហាញឆ្លាស់គ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា នេះជាលើកទី១ ដែលទិវាជ័យជម្នះ៧មករា លើរបបប្រល័យពូជសាសន៍៧មករា ត្រូវបានរៀបចំ ក្នុងទ្រង់ទ្រាយធំ ពុំធ្លាប់មានពីមុនមក បន្ទាប់ពីកម្ពុជា ទើបប្រារព្ធចប់ ដោយជោគជ័យ នៃទិវាសម្ពោធវិមាននយោបាយឈ្នះឈ្នះ កាលពី៣ថ្ងៃចុងឆ្នាំ ២០១៨កន្លងមក។

ថ្ងៃ៧មករា ត្រូវបានចាត់ទុក ជាបុណ្យផ្លូវការមួយ ក្នុងចំណោមបុណ្យផ្លូវការចំនួន៤ របស់គណបក្សប្រជាជនកម្ពុជា ដែលមានចែង នៅក្នុងលក្ខនិ្ដកៈរបស់គណបក្ស ដែលកំពុងគ្រប់គ្រងប្រទេសនិងដឹកនាំរាជរដ្ឋាភិបាល។ ក្នុងនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី កម្ពុជា ដែលចេញមកពីគណបក្សប្រជាជនកម្ពុជា តាមរយៈការបោះឆ្នោត នៃគោលការណ៍ប្រជាធិបតេយ្យ បានចុះហត្ថលេខា កំណត់យកថ្ងៃ៧មករា ជារៀងរាល់ឆ្នាំ ជាថ្ងៃឈប់សំរាកនៅទូទាំងប្រទេស ដើម្បីអបអរសាទរ នៃទិវាជ័យជម្នះលើរបប្រល័យ ពូជសាសន៍៕(អត្ថបទ៖ខៀវ កូឡា)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation