អភិបាលរងរាជធានីភ្នំពេញ អះអាងថា ពុំមានមានគម្រោងរុះរើផ្សារដើមគ ទៅកាន់ទីតាំងថ្មីដូចការចុះផ្សាយនោះឡើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំផ្សារបន្លែ ផ្លែឈេបោះដុំនិងចំណតរថយន្តនៅតំបន់បឹងតាមោកក៏ដូចជាជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរនៅផ្សារដើមគទាំងអស់មេត្តាជ្រាបជៀសវាងមានការភ័ន្ដច្រឡំដោយសារមានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរុះរើផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដើម្បីធ្វើការវិនិយោគជូនវិស័យឯកជនវិញ និងរើបងប្អូនអាជីវករទៅទីតាំងផ្សារថ្មីនៅបឹងតាមោក ដោយផ្អែកលើលិខិតលេខ ៨២៧ សជណ ចុះថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងសន្និសីទសារពត៌មាននេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានគម្រោងរុះរើផ្សារដើមគ ឬតម្រូវឱ្យអាជីវករកំពុងលក់ដូរនៅផ្សារដើមគ ធ្វើការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។ អភិបាលរងរាជធានីភ្នំពេញរូបនេះបន្ថែមថា សម្រាប់គម្រោងសាងសង់ផ្សារនៅបឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត ក្នុងន័យបន្ថែមជាទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាដើម្បីកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។

អាស្រ័យហេតុនេះ ឯកឧត្តម នួន ផារ័ត្ន បានស្នើឱ្យសូមបងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករផ្សារដើមគមេត្តាជ្រាប និងរក្សាភាពស្ងប់ស្ងាត់ ប្រកបរបរទទួលទានជាធម្មតា និងផ្តល់ជំនឿទុកចិត្តមកលើអាជ្ញាធរដែលជានិច្ចជាកាល យកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរនៅតាមទីរួមផ្សារនានាក្នុងរាជធានីភ្នំពេញ។


សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកដីបឹងតាមោកស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត ដែលការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការសាងសង់ផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងធ្វើចំណតរថយន្តនៅលើផ្ទៃដីបឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតាំងពីអំឡុងខែមិថុនាឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយនៅពេលថ្មីៗនេះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation