ព័ត៌មានជាតិ

ទើបតែបុករះ១៩គ្រឿងឥឡូវរថយន្តបីគ្រឿងបុកគ្នាបណ្តាលឱ្យមនុស្សប្រាំនាក់រងរបួសធ្ងន់នៅស្រុកភ្នំស្រួច

image

ករណីនេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៦.១០៧ស្ថិតត្រង់ចំណុចអូរគគីរភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩។

មន្ត្រីនគរបាលបានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ្វ៊ុយស៊ូពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-1122សណ្តោងរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ4A-1237អ្នកបើកបរឈ្មោះស ចាន់ធីធ្វើការនៅក្រុមហ៊ុនHLHបើកបរពីកើតទៅលិចក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចខាងលើបានជ្រុលចង្កូតបុកគូទរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខព្រះសីហនុ3A-6760បើកបរដោយឈ្មោះឡាយ សុភាន់ភេទប្រុសអាយុ២៥ឆ្នាំមានទីលំនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាមដែលខូចចតទុកចោលនៅលើថ្នល់ខាងស្តាំដៃដោយមិនទាន់អស់ល្បឿនក៏រេចង្កូតជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយូតាស៊ីណាពណ៌សពាក់ស្លាកលេខព្រះសីហនុ2C-8818អ្នកបើកបរឈ្មោះសុខ លៀបភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅខេត្តព្រះសីហនុនិងអ្នករួមដំណើរជាមួយ៤នាក់ទៀត១.ឈ្មោះ Su Hangភេទប្រុសអាយុ២៧ឆ្នាំជាជនជាតិចិន ២.ឈ្មោះហង់ សារិទ្ធភេទប្រុសអាយុ៥១ឆ្នាំមានទីលំនៅភូមិទន្លាប់ ឃុំទន្លាប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៣.ឈ្មោះអូន រ៉ូភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ៤.ឈ្មោះសុខ សុវ៉ាន់ភេទប្រុសអាយុ២៣ឆ្នាំមានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យអ្នកជិះរថយន្តតូយូតាស៊ីណាទាំងប្រាំនាក់រងរបួសធ្ងន់។

ក្រោយពីកើតហេតុ អ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ចំណែកអ្នករងរបួសទាំងប្រាំនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះរថយន្តទាំង៣គ្រឿងត្រូវបាននគរបាលជំនាញអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយនៅពេលក្រោយ៕(សុភា)