CPPប្រារព្ធខួបអបអរសាទរ ថ្ងៃជ័យជម្នះ ៧ មករា ខួបលើកទី៤០ឆ្នាំ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នាព្រឹកថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ហៅកាត់ថាCPP បានរៀបចំ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០១៩) ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោហ៊ុនសែន និងសម្តេចប៊ុនរ៉ានី, សម្តេច ហេង សំរិន និងលោកជំទាវ និងសម្តេចសាយ ឈុំ និងលោកជំទាវ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ នូវគន្លឹះសំខាន់ៗដូចខាងក្រោម៖

-សម្តេចតេជោ៖ ជ័យជម្នះ៧មករាបានសង្រ្គោះប្រជាជនបានទាន់ពេលវេលា ដែលកំពុងរង់ចាំតែថ្ងៃស្លាប់ក្រោមរបប ប៉ុល ពត។
-សម្តេចតេជោ៖ ទំព័រខ្មៅងងឹតបានបិទបញ្ចប់ ប្រជាជនកម្ពុជាបានរស់ឡើងវិញ មានសិទ្ធិគ្រប់គ្រាន់ ជាម្ចាស់ជោគវាសនារបស់ខ្លួន រហូតដល់ប្រជាជនកម្ពុជាហៅថា ៧មករាជាថ្ងៃកំណើតទី២របស់យើង។
-សម្តេចតេជោ៖ យើងមិនត្រូវភ្លេចទេថា សមិទ្ធផលដែលយើងមានថ្ងៃនេះមិនមែនបានមកដោយងាយៗនោះទេ។
-សម្តេចតេជោ៖ សមិទ្ធផលដែលយើងមានថ្ងៃនេះគឺបានមកពីគណបក្សប្រជាជនកម្ពុជា បានមកពីកម្លាំងសាមគ្គីជាតិរបស់យើង បានមកពីការជួយពីសំណាក់ប្រទេសជាមិត្ត។
-សម្តេចតេជោ៖ ស្ថានភាពសន្តិភាពរបស់កម្ពុជាក្រោមនយោបាយឈ្នះឈ្នះធ្វើឲ្យប្រទេសមានសន្តិភាព ព្រះមហាក្សត្រតែមួយអង្គ ក្រោមរដ្ឋធម្មនុញ្ញតែមួយ ដែលមិនធ្លាប់មានរយៈពេលប្រមាណ៥០០ឆ្នាំចុងក្រោយនេះ ដែលបានផ្តល់ជាឱកាសមាសដល់ប្រជាពលរដ្ឋប្រកបមុខរបបកាន់តែរីកចម្រើន។
-សម្តេចតេជោ៖ រយៈពេលពេលខ្លី និងមធ្យមខាងមុខ កម្ពុជានៅតែរំពឹងថា សេដ្ឋកិច្ចកម្ពុជានៅតែមានរង្វង់៧% អាត្រាភាពក្រីក្របន្តថយចុះនៅប្រមាណក្រោម១០%។
-សម្តេចតេជោ៖ កម្ពុជាធ្លាប់តែគ្មានសន្តិសុខ វាលពិឃាត ប៉ុន្តែបច្ចុប្បន្នជាប្រទេសមានសន្តិសុខ មានភ្លៀវទេសចរ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ស្មើភាពគ្នា។
-សម្តេចតេជោ៖ ពីមុនកម្ពុជាជាប្រទេសបានទទួលកងទ័ពរបស់អង្គការសហប្រជាជាតិ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាប្រទេសបញ្ជូនកងទ័ពទៅជួយប្រទេសផ្សេងៗវិញ ក្រោមឆត្រអង្គការសហប្រជាជាតិ។

-សម្តេចតេជោ៖ ប្តេជ្ញាចិត្តបំពេញការងារគោលនយោបាយនានាដែលបានប្តេជ្ញាចិត្តចំពោះប្រជាជនកន្លងទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលមានដូចជា
១- ការធានាសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ២- ការធានាអភិវឌ្ឍលើគ្រប់វិស័យ កសាងរដ្ឋបាលស្អាតស្អំ បន្តអាទិភាពខ្ពស់វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ៣- ការជួយកសាងជីវភាពប្រជាពលរដ្ឋ បណ្តុះបណ្តាលចំណេះវិជ្ជាជីវៈ រកទីផ្សារកសិផលឲ្យប្រជាពលរដ្ឋ បញ្ចុះថ្លៃអគ្គិសនី។ល។ និង ៤- ការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពរបស់ប្រជាជន។

-សម្តេចតេជោ៖ ថ្លែងអំណរគុណដល់ប្រជាជនគ្រប់ទិសទីដែលបានគាំទ្រ បង្ហាញពីជំនឿ បង្ហាញពីជាតិយើងទាំងមូលសាមគ្គីជាតិ បង្រួបបង្រួមជាតិ។ ក្នុងស្មាតីនេះ សម្តេចតេជោបានបន្តថា កម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តតាមរយៈយុទ្ធសាស្រ្តចតុកោណ ព្រមទាំងបានប្រមូលធនធានជាតិគ្រប់ទិសទី។

សូមជម្រាបថា ទិវាអបអរសាទរ ថ្ងៃជ័យជម្នះ ៧ មករា ខួបលើកទី៤០ឆ្នាំ មានការចូលរួមជាង ៥ម៉ឺននាក់ ដែលជាមន្រ្តីគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមកពី២៥ខេត្តរាជធានី មន្រ្តីគណបក្សមកពីបណ្តាប្រទេសនានានៅលើពិធភពលោក ព្រមទាំងអង្គទូត អង្គការអន្តរជាតិ និងតំណាងគណបក្សនយោបាយនានា ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រះរាជាណាចក្រកម្ពុជា និងគណបក្សដែលជាសម្ព័ន្ធភាព របស់គណបក្សប្រជាជនកម្ពុជា មួយចំនួនទៀត៕ (ដោយ៖ ហ៊ន សុភក្រ្ត)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation