សំរាមក្នុងក្រុងបានលុងបានក្លាយជាភ្នក់ភ្លើងដើម្បីបំបាត់ក្លិនស្អុយ
| ព័ត៌មានជាតិ
SHARE

ខេត្តរតនគិរី ៖ បន្ទាប់ពីរដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីកាស្ដីពីការដកហូតសិទ្ធិ និងបញ្ចប់កិច្ចសន្យា ស្ដីពីការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូលសម្អាត អនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង ខេត្តរតនគិរី ពីក្រុមហ៊ុន គឹមជ្រា របស់លោក ជា គួង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កន្លងមក សំរាមក្នុងក្រុងបានលុង បានក្លាយជាប្រធានបទ គំនរសំរាមស្អុយរលួយ គរតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឲ្យភ្ញៀវទេសចររិះគន់កន្លងមកនោះ។

បើទោះជាក្រសួងមហាផ្ទៃ បានចេញលិខិតលេខៈ២០០៥.សជណ ចុះហត្ថលេខា ដោយឯកឧត្ដម សក់ សេដ្ឋា កាលពីថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៨ ជម្រាបជូនអភិបាលខេត្តរតនគិរី តម្រូវឲ្យអាជ្ញាធរខេត្ត ពង្រឹងការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុក ស្ដីពីការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូល សម្អាតអនាម័យ និងដឹកជញ្ជូនសំរាម ព្រមទាំងតាមដានពីសកម្មភាព ត្រួតពិនិត្យការអនុវត្តតាមកិច្ចសន្យាសៀវភៅបន្ទុករបស់ក្រុមហ៊ុនលោក ជា គួង យ៉ាងណាក៏ដោយ លិខិតរបស់ក្រសួងមហាផ្ទៃមួយច្បាប់នេះ ហាក់មិនមានប្រសិទ្ធភាពនៅឡើយទេ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។

ផ្ទុយទៅវិញ សំរាមក្នុងក្រុងបានលុង ត្រូវបានអាជ្ញាធរក្រុងប្រើប្រាស់រថយន្តកែច្នៃ និងរថយន្តដឹកសំរាម ធុនតូច តែ ៤គ្រឿង ដឹកសំរាមនៅផ្សារក្រុងបានលុង និងតាមទីសាធាណៈប្រជុំជនសំខាន់ៗ តែប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុនវិនិយោគរបស់លោក ជា គួង ដែលប្រើប្រាស់រថយន្តដឹកសំរាម ដែលមានបច្ចេកទេសត្រឹមត្រូវធន់ធំរហូតដល់ទៅ ៦គ្រឿងឯណោះ នៅតែស្ទើរមិនទាន់តម្រូវការក្នុងក្រុង។ បច្ចុប្បន្ននៅតាមផ្ទះ និងទីសាធារណៈមួយចំនួនធំទៀត ត្រូវបានប្រជាពលរដ្ឋដុតហុយផ្សែងពេញទាំងក្រុងបានលុងនៅពេលព្រលប់ និងអ្នកខ្លះទៀតបានយកសំរាមទៅចាក់ចោលតាមទីសាធារណៈ ឲ្យតែផុតពីមុខផ្ទះពួកគេកុំឲ្យស្អុយ តែប៉ុណ្ណោះ។

លោកញ៉ែម ប៊ុនធឿនជាប្រជាពលរដ្ឋពិការជើងម្នាក់រស់ក្នុងបានលុងបានសំណូមពរដល់អជ្ញាធរក្រុងឲ្យជួយពន្លឿនក្នុងការប្រមូលយកសំរាមឲ្យបានលឿនកុំទុកយូរៗពេក។


លោកបន្តរថា ប៉ុន្មានខែចុងក្រោយនេះ ខាងប្រមូលសំរាមមិនបានមកយកទេ ហើយទុករយ:ពេលចាប់ពី៨ថ្ងៃទៅ១៥ថ្ងៃទើបមកយកម្ដងមានពេលខ្លះទុករហូតទៅជាង១ខែឯណោះ។


ជុំវិញករណីករណី ដែលប្រជាពលរដ្ឋ ដុតសំរាមតាមមុខផ្ទះមួយចំនួន និងមួយចំនួនធំទៀត បានយកសំរាមទៅចាក់ចោលពាសវាលពាសកាល តាមទីសាធារណៈខាងលើនេះ លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យទូរទស្សន៍ CNC ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នេះថា ករណីខាងលើ លោកទទួលស្គាល់ពិតប្រាកដមែន ពីព្រោះការប្រមូលដឹកជញ្ជូនសព្វថ្ងៃ ខាងក្រុងប្រើប្រាស់រថយន្តបួនគ្រឿងតែប៉ុណ្ណោះ គឺគោយន្តកែច្នៃតូចៗ ២គ្រឿង និងរថយន្តឃ្លុបដឹកសំរាមធន់តូច ២គ្រឿង ហើយការប្រមូលដឹកជញ្ជូនសំរាមរាល់ថ្ងៃនេះ បានតែក្នុងផ្សារ ជុំវិញផ្សារក្រុងបានលុង និងតាមទីសាធារណៈប្រជុំជនសំខាន់ៗតែប៉ុណ្ណោះ។

លោកបន្តថា នេះជាជំហានដំបូង លោកនិងខិតខំប្រឹងប្រែងបន្តទៀត។


បើទោះជាយ៉ាងណា បញ្ហាសំរាមនៅក្នុងក្រុងបានលុង ខេត្តរតនគិរី កាន់តែធ្វើឲ្យមានផលប៉ះពាល់ផ្នែកបរិស្ថាន យ៉ាងធ្ងន់ទៅៗដល់ប្រជាពលរដ្ឋ បើសិនជាខាងអជ្មាធរក្រុងមិនមានវិធានការដើម្បីរករថយន្ត បម្រើការងារឲ្យបានត្រឹមទេនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation