រថភ្លើង​ទំនើប​របស់​ក្រុម​ហ៊ុន​Royal Railwaysមកដល់ទឹកដីកម្ពុជាហើយ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ រថភ្លើង​ទំនើប​របស់​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​ រេលវេ​ (Royal Railways) របស់​អ្នក​ឧកញ៉ា​ គិត​ ម៉េង​ បាន​ដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ។

សូមជម្រាបថា រថភ្លើង Tramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេសម៉ិកស៊ិក នឹងយកមកប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមជម្រាបថា រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើបទាំងទ្វារស្វ័យប្រវត្តិ ,ជណ្តើរ,កៅអី, ម៉ាស៊ីនត្រជាក់,បន្ទប់ទឹក ,កន្លែងដាក់អីវ៉ាន់,ប្រព័ន្ធអ៊ីនធឺណិតWifi ,ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ។


សូមរំលឹកថា កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ នៅឯស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ អំពីផ្លូវរថភ្លើង Tramway ដោយផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំ យុទ្ធនាការផ្សព្វផ្សាយ អំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាននិងវិធានសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិត វីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឲ្យដំណើរការរថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។ ជាកិច្ចបញ្ចប់ នាយកដ្ឋានទាំងពីរ និងក្រុមហ៊ុន Royal Railway នឹងបន្តអនុវត្តសកម្មភាពការងារជាបន្តបន្ទាប់ ដើម្បីធានានូវ ប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងយុទ្ធនាការនេះ។

គួររំលឹកថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway បានដាក់ឲ្យ ដំណើរការ រថភ្លើងធុនស្រាលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ដែលជា ទូទៅមួយថ្ងៃ រថភ្លើងនេះរត់បានជាមធ្យម ២០ជើង៕ (អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation