ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ឆ្លើយតបនឹងរបាយការណ៍របស់បណ្តាញសហគមន៍ព្រៃឡង់

image

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថានលោកនេត្រ ភក្ត្រា មានប្រសាសន៍ថា បណ្តាញសហគមន៍ព្រៃឡង់ បាននិងកំពុងតែបំពុលព័ត៌មានក្រោមការរៀបចំរបស់អង្គការអន្តរជាតិខ្លះ គឺដើម្បីគ្រាន់តែស្វះស្វែងរកមូលនិធិបន្តគម្រោងរបស់ខ្លួន និងរកការងារឱ្យខ្លួនឯងសម្រាប់ឆ្នាំ២០១៩ នេះតែប៉ុណ្ណោះ។

លោកថា ពួកគេបានយកទិន្នន័យចាស់មកធ្វើជាបច្ចុប្បន្នភាព ដើម្បីបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ជុំវិញការការពារ និងអភិរក្សធនធានធម្មជាតិនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការឆ្លើយតប របស់អ្នកនាំពាក្យក្រសួងបរិស្ថានខាងលើនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសហគមន៍ព្រៃឡង់ បានចេញរបាយការណ៍ឃ្លាំមើលពីបច្ចុប្បន្នភាពព្រៃឡង់ចុងក្រោយ។ បណ្តាញសហគមន៍ព្រៃឡង់ បង្ហាញថា មានចំណុចសំខាន់បីដែលរកឃើញរួមមាន៖ ១.សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តកើតមាន និងមានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ២.ការតម្រូវឲ្យសហគមន៍សុំច្បាប់អនុញ្ញាតមុននឹងចុះល្បាត ខណៈអ្នកកាប់ឈើខុសច្បាប់អាចចូលព្រៃកាប់ឈើដោយមិនចាំបាច់មានការអនុញ្ញាត និងទី៣.ផ្លូវជាច្រើនដែលជាកត្តាជំរុញដ៏ធំមួយដែលធ្វើឲ្យបាត់បង់ជម្រកសត្វ និងធ្វើឲ្យបាត់បង់ព្រៃឈើ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បន្តថា អង្គការអន្តរជាតិមួយចំនួនបានខ្ចីដៃបណ្តាញសហគមន៍ព្រៃឡង់ ដើម្បីបម្រើផលប្រយោជន៍របស់ខ្លួន គឺការបន្តទទួលបាននូវការគាំទ្រផ្នែកថវិកាសម្រាប់អង្គការរបស់ខ្លួន។ នេះគឺជាការជួយដោយមិនស្មោះត្រង់ និងបង្កប់ដោយភាពពិសពុលផ្នែកនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតប្រឆាំងនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយធនធា នធម្មជាតិរបស់កម្ពុជាត្រូវបានការពារ បទល្មើសព្រៃឈើមានការធ្លាក់ចុះ និងភាពរេចរឹលនៃគម្របព្រៃឈើ មានការធ្លាក់ចុះ ចំនួនសត្វព្រៃមានកំណើនឡើង ដែលនេះគឺជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នានា។

អ្វីដែលបណ្តាញសហគមន៍ព្រៃឡង់លើកឡើងថា តម្រូវឲ្យសហគមន៍សុំអនុញ្ញាតច្បាប់មុននឹងចុះល្បាត គឺការបំភ្លៃព័ត៌មានខុសពីការពិត។ សមត្ថកិច្ចរបស់ក្រសួងបរិស្ថាន នៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ទាំង ៤ខេត្ត រួមមាន៖ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ធំ បានផ្តល់កិច្ចសហការជាមួយបណ្តាញព្រៃឡង់ដើម្បីដើរល្បាតរួមគ្នាព្រមទាំងជួយសម្រួលដល់ការលំបាក និងការពារសុវត្ថិភាពជូនដល់ពួកគាត់ទៀតផង។

មិនតែប៉ុណ្ណោះ បណ្តាញសហគមន៍ព្រៃឡង់បានលើកឡើងពីវត្តមានផ្លូវជាច្រើននៅក្នុងតំបន់ គឺជាកត្តាដ៏ធំមួយដែលធ្វើឲ្យបាត់បង់ជម្រកសត្វព្រៃ និងធ្វើឲ្យបាត់បង់ព្រៃឈើ។ នេះគ្រាន់តែជាទស្សនៈចង្អៀត ចង្អល់ប្រឆាំងនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានពិតជាបានយល់ច្បាស់រវាងការអភិរក្ស និងការអភិវឌ្ឍ ហើយក្រសួងបរិស្ថាន បាននិងកំពុងបន្តអនុវត្តផែនការ អភិរក្សធនធានធម្មជាតិដែលកម្ពុជាមានឲ្យបានគង់វង្សដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់៕ (អត្ថបទ ៖ មួង សុវណ្ណារិទ្ធ)