ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូនបង្ហាញពីគម្រោងថ្មីៗដែលត្រូវអនុវត្តនាឆ្នាំថ្មីនេះ

image

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញពីការប្តេជ្ញាចិត្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព និង បង្កើតសមិទ្ធផលថ្មីៗ ដើម្បីបម្រើសង្គមជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជាការឆ្លើយតបនិងដឹងគុណដល់ប្រជាពលរដ្ឋដែលបោះឆ្នោតគំាទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលទ្ធភាពបង្កើតរាជរដ្ឋាភិបាលសម្រាប់ដឹកនាំប្រទេស។ 

ក្រសួងសាធារណការ បានបង្ហាញនូវសមិទ្ធផលសំខាន់ៗរបស់ខ្លួន ដូចជា ការដាក់ឱ្យដំណើរការកម្ម វិធីថែទាំផ្លូវ(ROAD CARE mobile app) ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការថែទាំផ្លូវ យុទ្ធនាការជិះកង់ត្រួតពិនិត្យផ្លូវ ,ការបើកឱ្យប្រើប្រាស់កំពង់ផែពហុបំណង នៅក្រុងព្រះសីហនុ ,ការបើកឱ្យដំណើរការសាលាបង្រៀនបើកបរយានយន្តធុនធ្ងន់ ,ការបើកឱ្យប្រើប្រាស់ជាផ្លូវការបណ្តាញផ្លូវថ្នល់មួយចំនួន, យុទ្ធនាការចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋបានចំនួនប្រាំម៉ឺនមួកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងយុទ្ធនាការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍។ 

ក្រៅពីការគូសបញ្ជាក់អំពីសមិទ្ធផលធំៗដែលសម្រេចបានមួយចំនួនពាក់ព័ន្ធនឹង វិស័យសាធារណៈនិងដឹកជញ្ជូនក្នុងឆ្នាំ២០១៨ ដូចដែលខ្លួនបានសន្យា  ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ដែលទើបចូលមកដល់នេះ ក្រសួងសាធារណការនឹងខិតខំបំពេញការងារឱ្យច្រើន ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ 

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីគម្រោងបង្កើតអង្គភាពតាមដានយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលដឹកជញ្ជូនទំនិញចេញពីកំពង់ផែ, គម្រោងបិទក្រុមហ៊ុនកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសគ្មានច្បាប់អនុញ្ញាត,គម្រោងរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នក ដឹកនាំសម្រាប់អ្នកជំនាន់ក្រោយដើម្បីបន្តវេនការដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបន្ត និង គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រួលបែបបទនាវានិងនាវិកចេញចូលនៅកំពង់ផែ (Port EDI)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពក្រោមឱវាទទាំងអស់ រៀបចំបែបបទនីតិវិធីដើម្បីសម្រួលដល់ការកសាង ផ្លូវថ្នល់ឱ្យបានរឹងមាំ និងស្នើឱ្យរៀបចំផែនការ តាមដាន វាយតម្លៃសកម្មភាព របស់ខ្លួនដើម្បីបំពេញការងារ ឱ្យមានប្រសិទ្ធភាព៕អត្ថបទ៖ រ៉ាន់ រើយ