រំលឹកប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោក្នុងពិធីជួបជុំជាមួយអ្នកសាព័ត៌មានក្នុងស្រុកជាលើកទី២ នាឆ្នាំមុន!
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ជំនួបប្រចាំឆ្នាំលើកទី៣ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអ្នកសារព័ត៌មាន កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

មុននឹងជំនួបរវាងសម្តេចតេជោ និងអ្នកព័ត៌មាននាឆ្នាំ២០១៩នេះ មកដល់នោះ ឯកឧត្តម ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី០៩ ខែមករា មានអ្នកព័ត៌មាន ៤.៦០០នាក់ហើយ ដែលបានចុះបញ្ជីសុំកាត ចូលរួម ហើយចំនួននេះនឹងបន្តកើនឡើង ដោយសារតែអ្នកព័ត៌មានជាច្រើនទៀតកំពុងស្នើសុំជាបន្ដបន្ទាប់ តែទោះជាយ៉ាងនេះក្តី ក្រសួងព័ត៌មានកំណត់ចំនួនត្រឹមតែ៥.០០០នាក់ប៉ុណ្ណោះ ដោយឈរលើហេតុផលនៃទីតាំងប្រារព្ធពិធី ដែលអាចដាក់អ្នកចូលរួមក្នុងចំនួននេះ។

សូមរំលឹកថា កាលពីឆ្នាំមុន ពោលគឺនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣.៤០០នាក់ ដែលជា ជំនួបប្រចាំឆ្នាំលើកទី២ ដែលនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹង វិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី២៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបទសភាពការណ៍លើវិស័យព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើស្ថាប័ន ឬ អ្នកព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថទៅ នឹងក្តៅ តែបើត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គលឲ្យខ្លាំងទៅនឹងត្រជាក់រហូតហើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព័ត៌មានទាំងល្អ និងអាក្រក់ ត្រូវបញ្ចូលមកជាមួយគ្នា ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយ។ សម្តេចបានថ្លែងថា ប្រសិនបើរឿងពិតហើយអាក្រក់មិនបញ្ចេញ មកមិនអាច ជួយសង្គមបាននោះទេ។
- សម្តេចតេជោ បានរំលឹកថា ត្រូវធ្វើយ៉ាងណាឲ្យមានព័ត៌មានពិតមួយ ហើយឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គម។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជាមានព័ត៌មានបែបសកម្ម ៣ប្រភេទ៖ ១. សារព័ត៌មាន ដែលដើរតួជាម៉ាសព្យា និងជំរិតទារប្រាក់គេជាដើម,២. ព័ត៌មានអត់ច្បាប់ មិនគោរពច្បាប់ និងបន្លំប្រាក់មិនបង់ពន្ធ និង៣. ព័ត៌មានមានតែឈ្មោះ តែ គ្មានសកម្មភាព។ ដែលព័ត៌មាន៣ប្រភេទនេះ មិនគួរឲ្យមាននៅកម្ពុជានោះឡើយ។
- សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងប្រាប់មន្ត្រីរាជរដ្ឋាភិបាលថា មិនត្រូវគិតថា អ្នកព័ត៌មានជាអ្នកបំផ្លិចបំផ្លាញនោះទេ។
- សម្តេចតេជោ បានផ្តាំផ្ញើទៅស្ថាប័នព័ត៌មាន និងអ្នកព័ត៌មានថា ដើម្បីឲ្យមានការគាំទ្រត្រូវប្រកាន់ចលនានិយមកណ្តាល មិនត្រូវឆ្វេងពេក ស្តាំពេក ហើយត្រូវតែហ៊ាននិយាយមក។ ប៉ុន្តែមិនត្រូវធ្វើជាចៅក្រមកាត់សេចក្តីនោះឡើយ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនលើកទឹកចិត្តឲ្យអ្នកព័ត៌មានធ្វើជាចៅក្រមនោះឡើយ ត្រូវប្រឹងរៀនសូត្រ ពីវិជ្ជាជីវៈជាអ្នកព័ត៌មាន។
- សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យពិនិត្យលើអ្នកព័ត៌មានមួយចំនួន ដែលបានដើរតួធ្វើជាចៅក្រមកាត់សេចក្តី។
- សម្តេចតេជោ បានថ្លែងថា គួរតែអរគុណដល់អ្នកព័ត៌មាន ដែលហ៊ាននិយាយការពិតចេញមក មិនត្រូវខឹងនោះទេ ព្រោះព័ត៌មានបានបង្ហាញឲ្យដឹងនៅព័ត៌មានដែលមិនដឹងនោះ។
- សម្តេចតេជោ លើកទឹកចិត្តឲ្យអ្នកព័ត៌មានភាពក្លាហាន តែត្រូវប្រកាន់នូវសុច្ចរិតភាព។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកព័ត៌មានមួយចំនួនមានភាពខ្ជិលច្រអូស និងខ្វះចំណេះដឹងផ្នែកជាបច្ចេកវិទ្យា ដែលជាហេតុនាំឲ្យខ្វះព័ត៌មានផ្សាយ។
- សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា អ្នកនាំពាក្យមួយចំនួនមិនទាន់បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវនៅឡើយ ជាពិសេសនៅតាមបណ្តាខេត្ត។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យអ្នកនាំពាក្យត្រូវពង្រឹងសមត្ថភាព ដើម្បីផ្តល់ព័ត៌មានដល់អ្នកព័ត៌មាន។ សម្តេចតេជោបន្តថា ធ្វើជាអ្នកព័ត៌មានបាន អាចធ្វើជានាយករដ្ឋមន្ត្រីបាន។
- សម្តេចតេជោ បានថ្លែងជំរុញឲ្យអ្នកព័ត៌មានត្រូវប្រឹងប្រែងស្វះស្វែងរកព័ត៌មាន បើមិនស្វះស្វែងរកព័ត៌មានទេ នឹងក្ស័យអាជីពជាមិនខាន។
- សម្តេចតេជោ បានថ្លែងថា សម្តេចចង់បានព័ត៌មានទាំងរដ្ឋ និងឯកជនធ្វើជាកញ្ចក់ឆ្លុះសង្គម ពោលសម្តេចត្រូវការព័ត៌មានពិតនៅក្នុងការគ្រប់គ្រងរបស់សម្តេច។
- សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចចង់បានព័ត៌មាន ដែលធ្វើជាសរសៃផ្តល់ព័ត៌មានពីរដ្ឋទៅឲ្យប្រជាជន។
- សម្តេចតេជោ បានថ្លែងថា សម្តេចចង់បានព័ត៌មានចេះរិះគន់ ដើម្បីស្ថាបនា ដោយតាមដានសកម្មភាពរបស់ស្ថាប័នរបស់រដ្ឋ ហើយចេះពាំនាំនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមហាសន្និបាតបក្សសម្តេចបានសម្រេចដាក់ចេញគោលនយោបាយ២០១៨-២០២៣ ដោយកំណត់ឲ្យវិស័យកសិកម្មកើនឡើង៤ភាគរយរៀងរាល់ឆ្នាំ។
- ប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងផងដែរថា សម្តេចចង់បានស្ថាប័នព័ត៌មាន និងអ្នកព័ត៌មាន ដែលចូលរួមវិភាគយុទ្ធសាស្ត្រនយោបាយទាំងកម្រិតជាតិ និងអន្តរជាតិ។
សម្តេចតេជោ បានថ្លែងថា សម្តេចមិនចង់ឃើញត្រឹមតែព័ត៌មានចេះជេរប្រមាថ និងបំពុលសង្គមនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងថា សម្តេចមិនចង់ឃើញអ្នកព័ត៌មានដែលជំរិតទារប្រាក់នោះដែរ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា ចង់ឃើញស្ថាប័នព័ត៌មានចេះបង្កើនសមត្ថភាពបច្ចេកវិទ្យា ដើម្បីផ្តល់ព័ត៌មានឲ្យបានឆាប់រហ័ស។
- សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរទូរទស្សន៍ជាតិ ដែលពេលបច្ចុប្បន្នផ្តល់ព័ត៌មានបានឆាប់រហ័ស លែងផ្អូមដូចពេលមុនទៀតហើយ។
- សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតមិនឲ្យយកប្រាក់ពន្ធលើការចាក់បញ្ចាំងខ្សែភាពយន្តបរទេសរយៈពេល៥ឆ្នាំ តាមសំណើរបស់សមាគមទូរទស្សន៍ផងដែរ។
- សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រតិកម្មផងដែរចំពោះតារាៗមួយចំនួន ដែលតែងតែលើកឡើងថា មានឧកញ៉ា និងអ្នកធំៗច្រើនណាស់តាមស្នេហ៍ខ្លួន។ ក្នុងន័យនេះសម្តេចតេជោ បានស្នើឲ្យតារានោះចុចឲ្យចំៗឈ្មោះ ដើម្បីកុំឲ្យខូចដល់ឈ្មោះឧកញ៉ា និងអ្នកធំដទៃទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation