មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិនាថ្ងៃ១០ខែមករានេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបាន អនុញ្ញាតឲ្យឯកឧត្តម ត្រឹន កឹមទូ (Tran Kam Tu) លេខាធិការមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសមក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលបីថ្ងៃ។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ត្រឹន កឹមទូ លេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម បានសម្តែងនូវការកោតសរសើរពីភាពរីកចម្រើនរបស់កម្ពុជា និងអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះយ៉ាងធំធេងពីការបោះឆ្នោតនិងអបអរសាទរ ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ឯកឧត្តម ត្រឹន កឹមទូ បានបញ្ជាក់ទៀតថា កម្ពុជានិងវៀណាមមានកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ ទាំងរដ្ឋាភិ បាលនិងរដ្ឋាភិ បាល ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ និងកិច្ច សហការរវាង គណបក្សនិងគណបក្សយ៉ាងស្អិតល្មួត។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គបានចាត់ទុកវត្តមានរបស់ ឯកឧត្តម ត្រឹន កឹមទូ ព្រមទាំងគណៈប្រតិភូគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស កម្មុយនីស្តវៀតណាមនាពេលនេះ បានរួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពសាមគ្គីភាព ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានជំរាបថា កាលពីថ្ងៃ៧ មករាកន្លងទៅ កម្ពុជាបានរៀបចំពិធីបុណ្យអបអរសាទរ ខួបទី៤០ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩ -៧មករា ២០១៩ យ៉ាងអធិកអធម។ ទន្ទឹមនេះដែរ ក្នុងនាមប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានថ្លែងអំណរគុណចំពោះបក្សកម្មុយនីស្តវៀតណាមប្រជាជននិងកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានរួមចំណែកដ៏ធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពី ៤០ឆ្នាំមុន គឺ ៧ មករា ១៩៧៩។

រយៈ ៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភគាំទ្រពីមិត្តភក្ដិ ប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺ រដ្ឋាភិបាលនិងប្រជាជនវៀតណាម។ សម្តេចអគ្គមហាពញាចក្រីហេងសំរិន បានសម្តែងមានមោទនភាពដោយសង្កេតឃើញ ពីវឌ្ឍនភាពនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ គ្រប់កម្រិត ក្នុងស្មារតីភាតរភាព ស្និទ្ធស្នាល ក្រោមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហ ប្រតិបត្តិ-ការស្អិតរមួត និងយូរពង្វែង”។

ទាំងនេះមិនគ្រាន់តែបានផ្តល់នូវវឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជន ទាំង សងខាងប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏ខ្លាំងក្លាដល់ការថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងក្នុងតំបន់ និងសកលលោកទៀតផង៕អត្ថបទ ៖ វងសុភ័ក្រ្ត និង រូបភាព ៖ ប៉ក់សុខឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation