កីឡា

គ្រូរបស់ Pacquiao ចង់ឲ្យសិស្សខ្លួនប៉ះ Floyd ម្ដងទៀតបន្ទាប់ពីជំនួបជាមួយ Adrien Broner

image

លោក Freddie Roach មានបំណងចង់ឲ្យ Manny Pacquiao ប្រកួតសងសឹកជាមួយ Floyd Mayweather និងបង្រៀនមេរៀនខ្លះដល់អ្នកប្រដាល់អាម៉េរិក។

កាលពីខែមុននៅប្រទេសជប៉ុន Mayweather បានយកឈ្នះងាយៗលើអ្នកប្រដាល់ Tenshin Nasukawa ក្នុងការប្រកួតមិនរកប្រាក់ចំណេញនៅទីក្រុងតូក្យូ។

និយាយប្រាប់សារព័ត៌មានលោក Freddie ដែលជាគ្រូបង្ហាត់របស់ Pacquiao លើកឡើងថា លោកចង់ឲ្យកីឡាកររហស្សនាម PacMan បង្រៀនមេរៀនខ្លះដល់ Mayweather បន្ទាប់ពីគេបានយកឈ្នះកីឡាករដែលខុសគីឡូគ្នាដាច់។

" បន្ទាប់ពីឃើញ Floyd យកឈ្នះក្មេងម្នាក់នោះ ខ្ញុំចង់បង្រៀនគេខ្លះ។ ការប្រកួតម្ដងទៀតរវាង Pacquiao និង Mayweather ខ្ញុំត្រូវការធ្វើរឿងច្រើន ព្រោះខ្ញុំមិនពេញចិត្តនឹងការប្រកួតទីមួយរបស់ពួកគេសោះ។ វាមិនបានរៀបចំត្រឹមត្រូវនោះទេ"។ នេះគឺជាសម្ដីរបស់ Freddie Roach។

Mayweather បានយកឈ្នះពិន្ទុលើ Pacquiao កាលពីខែ ឧសភា ឆ្នាំ ២០១៥ ដែលជាការប្រកួតគេឲ្យឈ្មោះថា "Fight of The Century "។

សម្រាប់ជំនួប រវាង Pacquiao នឹង​ Adrien Broner នឹងធ្វើឡើងនៅ​ថ្ងៃ​ទី ១៩ ខែ មករា ​ខាង​មុខ នាសង្វៀន MGM Grand Garden Arena​ ទីក្រុង Paradise រដ្ឋ Nevada វេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ខាងមុខ ខណៈការប្រកួតនេះ ក៏មានផ្សាយបន្តផ្ទាល់ផ្តាច់មុខតែមួយគត់ លើកញ្ចក់ទូរទស្សន៍ CTN៕