ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ដែលជាខេត្តជាប់បឹងទន្លេសាប ដំបូងគេបង្អស់ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេ

image

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំលើកទី២ ស្តីពីការរៀបចំពិធីបុណ្យទន្លេលើកទី៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងងមាន ការអញ្ជើញចូលរួមពីលោកជំទាវដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងមន្ត្រី ពាក់ព័ន្ធ ដោយកិច្ចប្រជុំបានជម្រុញឲ្យលេខាធិការដ្ឋាន គណៈកម្មការនិងមន្ត្រីដែលពាក់ព័ន្ធត្រូវពន្លឿនការងារដែលនៅ សេសសល់ឲ្យបានសម្រេច នៅមុនពេលកម្មវិធីចាប់ផ្ដើម។

ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំរយៈពេល ០៣ថ្ងៃ ក្នុងកំលុងខែមីនា ឆ្នាំ២០១៩ ខាងមុខ ដោយមាន ព្រឹត្តិការណ៍ និង សកម្មភាពកីឡា ទេសចរណ៍ វប្បធម៌ជាច្រើន ដូចជា ការប្រកួតកីឡាលើទឹក លើគោក ការដាំដើមឈើ ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្ថែមថា ការរៀបចំពិធីបុណ្យទន្លេនេះ នឹងជាឱកាសដ៏ប្រសើរបំផុតក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និង រួមគ្នាទទួលខុសត្រូវក្នុង ការអភិវឌ្ឍទឹកដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្ត ការលើកកម្ពស់ការយល់ដឹងជាសាធារណៈពីការថែរក្សាការពារ និងអភិរក្ស ធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការចូលរួមសម្អាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់ប្រកបដោយភាពស្អាត ភាពបៃតង ភាពញញឹមរួស រាយរាក់ទាក់ និង បដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ពិសេស ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជាងនេះទៀត ខេត្តកំពង់ឆ្នាំង នឹងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ភាពស្អាត បៃតង និង បដិសណ្ឋារ កិច្ចល្អ។

ឯកឧត្តម ថោង ខុន បង្ហាញការកត់សម្គាល់ថា សម្រាប់បុណ្យទន្លេ រយៈពេល ៤ឆ្នាំកន្លងទៅ គឺសុទ្ធតែរៀបចំនៅតាមខេត្តជាប់ ដងទន្លេមេគង្គ ដែលមានដូចជាខេត្តក្រចេះ,ខេត្តកំពង់ចាម ,នៅខេត្តស្ទឹងត្រែង និង ខេត្តកណ្ដាលជាដើម ដូចនេះ បេក្ខភាពខេត្ត កំពង់ឆ្នាំង គឺជាខេត្តដំបូងគេទីមួយ ក្នុងនាមជាខេត្តជាប់បឹងទន្លេសាប ដែលមានឱកាសទទួលធ្វើជាម្ចាស់ រៀបចំបុណ្យទន្លេ លើកទី៥ នាឆ្នាំ២០១៩នេះ។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុង ពិធីបុណ្យទន្លេលើកទី៤ នៅខេត្តកណ្តាល សម្តេចបានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២០ បេក្ខភាពខេត្តដែលមានសិទ្ធិទទួលបានធ្វើជាម្ចាស់ផ្ទះនៃការ រៀបចំបុណ្យទន្លេ ត្រូវតែជាខេត្តដែលមានការអភិវឌ្ឍ និងអភិរក្ស។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរ ខេត្តនីមួយៗ ត្រូវបន្តយកចិត្តទុកដាក់ និងថែរក្សាចំពោះទន្លេ ជាពិសេសខេត្ត ណាដែលមានទន្លេ ឬបឹងបួរ ក្នុងខេត្តនោះ គឺត្រូវតែចូលរួមថែរក្សា ការពារ ដូចជាមានករណីបាក់ច្រាំងទន្លេជាដើម ត្រូវមានវិធានការទប់ស្កាត់កុំឱ្យបាក់បន្ត ដើម្បីកុំឱ្យមានការរាលដាលប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍខេត្តតាមដងទន្លេកម្ពុជា ឲ្យក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ដោយឈរលើការ ប្ដេជ្ញាចិត្ត រួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យាភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្កម និងវប្បធម៌។ គោលបំណងធំៗដែលធ្វើឲ្បុណ្យទន្លេត្រូវបានបង្កើតឡើង រួមមាន៖

-បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ដើម្បីរួមចំណែកដល់ការជម្រុញ និងអភិវឌ្ឍខេត្តតាមដងទន្លេកម្ពុជា ឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

- លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេស ការការពារ និងអភិរក្ស ធនធានធម្មជាតិដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យាភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្កម និងវប្បធម៌។

- រួមចំណែកសម្រេចផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ដោយទេសចរណ៍តាមដងទន្លេ (River based Tourism) ត្រូវបានបញ្ចូលជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់តំបន់អាស៊ាន ព្រមទាំងជំរុញការតភ្ជាប់ក្នុងក្របខណ្ឌតំបន់នានាដូចជា ក្របខណ្ឌតំបន់អាស៊ាន (បុណ្យទន្លេត្រូវបានដាក់បញ្ចូលក្នុងចំណោមព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗទាំងប្រាំរបស់កម្ពុជារួមមាន បុណ្យសមុទ្រ បុណ្យអុំទូក អង្គរសង្គ្រាន្ត និងម៉ារ៉ាតុងអង្គរ ដើម្បីអបអរសាទរយុទ្ធនាការឃោសនាអាស៊ាន ASEAN@50 កាលពីឆ្នាំ២០១៧) ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS) ក្របខ័ណ្ឌ CLMV ក្របខ័ណ្ឌមេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។

សូមជម្រាបថា បុណ្យទន្លេលលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ មានភ្ញៀវសរុបប្រមាណ ១០ម៉ឺននាក់, ឆ្នាំ២០១៦ នៅខេត្តកំពង់ ចាម មានភ្ញៀវសរុបប្រមាណ ៥០ម៉ឺននាក់, ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង មានភ្ញៀវសរុបប្រមាណ ១៤ម៉ឺននាក់, ឆ្នាំ២០១៨ នៅខេត្តកណ្ដាល មានភ្ញៀវសរុបប្រមាណ ១,៥លាននាក់។ ទន្ទឹមនឹងភាពសម្បូរបែបនៃធនធានធម្មជាតិ និងវប្បធម៌ នៅតាម តំបន់ជាប់ដងទន្លេរបស់កម្ពុជា គឺជាសក្តានុពលដែលធ្វើឲ្យកម្ពុជាកំពុងទទួលស្វាគមន៍កំណើននៃការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ ហើយបើតាមព្យាករណ៍ សម្រាប់ឆ្នាំ ២០២០ កម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ ២០២៥ ប្រមាណ ១១លាននាក់ និង ឆ្នាំ២០៣០ ប្រមាណ ១៥លាននាក់ ព្រមជាមួយភ្ញៀវទេសចរជាតិរាប់លាន នាក់ផ្សេងទៀត៕
(អត្ថបទ៖អោម ចែតច័ន្ទណារ៉ា)