កម្ពុជាមានពលករចំណាកស្រុក ទៅធ្វើការនៅជប៉ុន ជាង៩ពាន់នាក់
| ព័ត៌មានជាតិ
SHARE

ក្រសួងការងារ បង្ហាញថា កម្ពុជាមានពលករចំណាកស្រុក(កម្មសិក្សាការីចេញ)ទៅធ្វើការនៅប្រទេសជប៉ុនជាង៩ពាន់នាក់។

ក្នុងជំនួបពិភាក្សាជាមួយលោក មីគី វ៉ាត់ណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍កិច្ចការបរទេស និងការពារជាតិជប៉ុន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុនបើកជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលនិងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។

ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនខាងលើ គឺជាក្រុមហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវា បច្ចុប្បន្ន ក្រុមហ៊ុនបានគ្រប់គ្រងបុគ្គលិកប្រមាណជាង២ម៉ឺននាក់នៅជប៉ុន ដែលត្រូវការកម្លាំងបន្ថែមទៀត។ ឯកឧត្តមបន្តថា ដើម្បីអនុវត្តន៍នូវគម្រោងថ្មីនេះបាន នាពេលខាងមុខរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ពិសេសក្រសួងការងារកំពុងរៀបចំឲ្យមានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តន៍នូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។

ប្រទេសជប៉ុន ចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មី សម្រាប់បង្កើនលំហូរកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនូវកំលុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកខ្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។

ជាមួយគ្នានេះ ជប៉ុនបាននឹងកំពុងរៀបចំឱ្យមានសេចក្តីព្រាងនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសបញ្ជូនទាំងអស់ ដែលបានអនុញ្ញាតឱ្យបញ្ជូលទាំងកម្មសិក្សាការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេស ទៅប្រទេសជប៉ុន។ ក្រសួងការងារកម្ពុជា បានសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងចំណោមជាដៃគូប្រទេសជប៉ុន ដែលបញ្ជូនពលករទៅធ្វើការនៅទីនោះមានចំនួន១៥ប្រទេស ហើយចំនួនដែលបានបញ្ជូនទៅពីលេខ១ រហូតដល់១៥ កម្ពុជាឈរលើលេខរៀងទី៧៕(អត្ថបទ ៖ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation