អាជ្ញាធរខេត្តស្វាយរៀង ថា អាជីវកម្មទូកទេសចរណ៍បណ្ដែតលើផ្ទៃទឹកទន្លេវ៉ៃគោ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់

អត្ថបទ៖ វឿន សាវុធ
ស្វាយរៀង៖ អាជ្ញាធរខេត្តស្វាយរៀង បានលើកឡើងថា អាជីវកម្មទូកទេសចរណ៍បណ្ដែតលើផ្ទៃទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរយ៉ាងសំខាន់ឲ្យមកកម្សាន្តកាន់តែច្រើនៗឡើង។ នេះបើយោងតាមរដ្ឋបាលខេត្តស្វាយរៀង។
ការថ្លែងនេះរបស់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការស្នើសុំប្រកបអាជីវកម្មទូកទេសចរណ៍បណ្ដែតលើផ្ទៃទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្តស្វាយរៀង បានណែនាំដល់មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនដែលជាម្ចាស់ទូក ត្រូវធ្វើយ៉ាងណាសិក្សាឲ្យបានច្បាស់លាស់ ទាក់ទងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព អនាម័យ សោភណភាព និងតម្លៃសមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ជាពិសេសមន្ទីរទេសចរណ៍សូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីតបន់ទេសចរណ៍នានាជុំវិញខេត្តជូនដល់ប្រជាពលរដ្ឋទាំងក្នុងស្រុកនឹងក្រៅស្រុកដើម្បីមកលេងកម្សាន្តឲ្យបានកាន់តែច្រើកុះករបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោក ហែម ពិសិដ្ឋ បានថ្លែងអំណរគុណចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងផ្តួចឡើងឲ្យមានទូកទេចរណ៍បណ្តែតទឹកនៅទន្លេវ៉ៃគោ នាពេលនេះ៕
