ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ណែនាំស្តីពីការបញ្ចៀសចរាចរណ៍ក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស

image


ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ថាក្រោយពីបានប្រជុំពិភាក្សារកដំណោះស្រាយការកកស្ទះចរាចរណ៍កាលពីថ្ងៃ១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍បានមួយចំនួនធំ។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា នៅពេលខ្លះមានការកកស្ទះចរាចរណ៍កើតឡើងខ្លះទៀត។ ដូចនេះដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ឱ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំ៖

ទី១. ការធ្វើដំណើរចូលរាជធានីភ្នំពេញ
-ចំពោះរថយន្តធុនធ្ងន់ រថយន្តកុងតឺន័រ រថយន្តធុនធំត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឱ្យឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ។
- ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូមយោគយល់អធ្យាស្រ័យដោយត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោងចូលរាជធានីភ្នំពេញ ឬតាមសាឡាងចម្លងកោះនរា ដែលចូលតាមផ្លូវទល់មុខវត្តនិរោធ និងផ្លូវស្ថានីយ៍ទូរទស្សន៍បាយ័ន បន្តដំណើរទៅគោលដៅ

-ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅមូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន ត្រូវបង្វែរទិសតាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) និងមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ២១៧ ធ្វើដំណើរសំដៅទៅគោលដៅ។

ទី២. ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ
- ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ២ ទៅខេត្តកណ្តាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយដែលកំពុងធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) និងតាមមហាវិថីអ្នកឧញ៉ាមហា ភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ឆ្ពោះទៅគោលដៅរបស់ខ្លួន។

-ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្តាល ត្រូវធ្វើដំណើរតាមមហាវិថីព្រះនរោត្តម ឡើងស្ពានអាកាសក្បាលថ្នល់បត់ត្រលប់ក្រោយរួចឆ្លងស្ពានព្រះមុនីវង្ស ឬធ្វើដំណើរតាមសាឡាងចម្លងពីកោះពេជ្រ ទៅកោះនរាតែម្ដង ឬពីសាឡាងចម្លងសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ ទៅកោះនរា នៅពេលដែលសាឡាងចម្លងនេះដាក់ឱ្យដំណើរការសាកល្បងដើម្បីធ្វើដំណើរទៅគោលដៅ។

ទី៣. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកទ្រូងផ្លូវឱ្យធំ ជាបណ្តោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះត្រូវបានបញ្ចប់ត្រូវរៀបចំឱ្យមកដូចស្ថានភាពដើមវិញ៕

ដោយ៖ គង់ ប៊ុនណា