ព័ត៌មានជាតិ

កំណើនអ្នកប្រើប្រាស់រថយន្តថ្មីកើនឡើងជិត ៣០% ខណៈរថយន្តថ្មីមានតម្លៃកាន់តែទាប និងធានាបាននូវគុណភាពខ្ពស់

image


អត្ថបទ៖ចេង ឆហួត
ភ្នំពេញ៖ កំណើនអ្នកប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កើនឡើងចន្លោះពី ២៥ ទៅ ២៨ភាគរយ ខណៈដែលឡានថ្មីមានតម្លៃទាបជាងមុន និងធានាបាននូវគុណភាព សុវត្ថិភាពខ្ពស់ជាងឡានជជុះ។ នេះបើផ្អែកតាមការអះអាងឲ្យដឹងពីប្រធានសហព័ន្ធយានយន្តកម្ពុជា។

លោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធយានយន្តកម្ពុជា និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ CNC ថា មូលហេតុដែលអ្នកប្រើប្រាស់មាននិន្នាការងាកមកជិះឡានថ្មីនោះ គឺដោយសារតែឡានថ្មីមានតម្លៃថោកជាងឡានជជុះ ឬហៅថា ឡាន១ទឹក ខណៈដែលពីមុនយើងគិតថា ឡានជជុះមានតម្លៃថោក និងបង់ពន្ធតិច ប៉ុន្តែនៅពេលនេះគឺឡានជជុះបង់ពន្ធថ្លៃជាងឡានថ្មីផងដែរ។

ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់រថយន្តថ្មីកើនឡើង គឺបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាកំពុងមានសម្ទុះល្អ បើទោះបីរថយន្តនោះត្រូវបានគេយកទៅប្រើប្រាស់ក្នុងវិស័យដឹកជញ្ជូនទំនិញ ដំណើរទេសចរណ៍ ឬប្រើជាលក្ខណៈគ្រួសារ។ ម្យ៉ាងទៀត ការស្នើសុំប្រាក់កម្ចីដើម្បីទិញឡានថ្មី ឬកម្ចីបង់រលស់ឡានថ្មី វាមានភាពងាយស្រួលជាងឡានចាស់ គ្រាដែលកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាយើងអាចមានលទ្ធភាពបង់រលស់ថយន្តថ្មីជិះបានចន្លោះពី ២០០ដុល្លារ ទៅ ៥០០ដុល្លារ។

លោកបានសង្កត់ធ្ងន់ថា៖ «យើងមើលម៉ូដែលនៅប្រទេសជិតខាងរបស់យើងគឺគេមិនសូវប្រើរថយន្តចាស់នោះទេ ដោយសារវាស៊ីសាំងខ្លាំង ហើយគ្រឿងបន្លាស់អស់ថ្លៃច្រើន និងមិនមានការធានាដូចរថយន្តថ្មី បើយើងមើលទៅគោលនយោបាយរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងក្រសួងពាក់ព័ន្ធផ្សេងទៀត ក៏កាត់បន្ថយរថយន្តចាស់នេះដែរ ដោយ សារផលប៉ះពាល់ខ្លាំងទៅលើបរិស្ថាន»។

លោកបន្តថា៖ «រថយន្តថ្មីមានតម្លៃចន្លោះពី ២ម៉ឺន ទៅជាង ៣ម៉ឺនដុល្លារ ដូច្នេះពួកគាត់អាចមានលទ្ធភាពទិញដាច់ ឬមួយក៏អាចបង់រំលស់បាន ប៉ុន្តែដោយសារបញ្ហាជីវភាពអ៊ីចឹងរដ្ឋាភិបាលអនុញ្ញាតឲ្យមានពេលវេលាមួយ ដើម្បីធ្វើម៉េចឲ្យអ្នករថយន្តចាស់គឺនៅតែប្រើបាន»។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពីខែមករាដល់ធ្នូ ឆ្នាំ២០២២ កម្ពុជាបាននាំចូលរថយន្តពីក្រៅប្រទេសក្នុងទឹកប្រាក់ ១.៤៩២លានដុល្លារ កើនឡើង ២៣,៦ភាគរយ បើធៀបនឹងឆ្នាំ ២០២១។ ទឹកប្រាក់កម្ពុជាបញ្ចេញសម្រាប់នាំចូលរថយន្ត គឺស្មើនឹងប្រមាណ ៤,៩៨ភាគរយនៃចំនួនទឹកប្រាក់កម្ពុជានាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២២ ដែលមានចំនួន ២៩.៩៤២លានដុល្លារ។

ដោយឡែក អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំនួន ១០៤,២៤លានដុល្លារ ដែលស្មើប្រហែល ១៣០ភាគរយនៃផែនការឆ្នាំ២០២២។

សូមបញ្ជាក់ថា ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ រកចំណូលបាន ២៦៩០,៥លានដុល្លារ កើនឡើង ១៨,៣ភាគរយ ធៀបនឹងឆ្នាំ២០២១ ក្នុងនោះមុខទំនិញជាយានយន្ត និងគ្រឿងចក្រ មានចំណែករហូតដល់ ៤៦,២ភាគរយនៃចំណូលសរុប៕