ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន SpaceX, Netflix, Boeing នឹងចូលរួមបេសកកម្មធុរកិច្ចអាម៉េរិកដ៏ធំបំផុតមិនធ្លាប់មាន នៅវៀតណាម

image


ហាណួយ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុន SpaceX, Netflix និង Boeing ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលចូលរួមក្នុងបេសកកម្មធុរកិច្ចអាមេរិក «ធំបំផុតមិនធ្លាប់មាន» នៅប្រទេសវៀតណាមនាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីការវិនិយោគ និងឱកាសលក់នៅក្នុងទីផ្សារប្រទេសអាស៊ីអាគ្នេយ៍ដែលកំពុងរីកចម្រើន។

ក្រុមហ៊ុនអាម៉េរិកជាង ៥០ រួមទាំងក្រុមហ៊ុនការពារជាតិ ឱសថ និងបច្ចេកវិទ្យា នឹងចូលរួមក្នុងបេសកកម្មដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន។

ប្រទេសវៀតណាមដែលមានប្រជាជនចំនួន ១០០លាននាក់ ក៏មានទីផ្សារអ្នកប្រើប្រាស់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ នៅពេលដែលអ្នកប្រើប្រាស់វណ្ណៈកណ្តាលរបស់ខ្លួនមានការកើនឡើង។

លោក Vu Tu Thanh តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានប្រចាំប្រទេសវៀតណាម បាននិយាយថា នេះគឺជាបេសកកម្មដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាម ដោយអះអាងថា ស្ថាប័ននេះបានរៀបចំព្រឹត្តិការណ៍ទាំងនេះអស់រយៈពេល ៣ទសវត្សរ៍មកហើយ។

ជាមួយគ្នានេះ​ ក្រុមហ៊ុនផលិតយន្តហោះ Boeing, Lockheed Martin និង Bell នឹងជួបប្រជុំជាមួយក្រុមហ៊ុនលទ្ធកម្មការពារជាតិរបស់វៀតណាមដែលគ្រប់គ្រងដោយរដ្ឋ។ កាលពីខែធ្នូ ក្រុមហ៊ុនខាងលើនេះ បានពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលវៀតណាម អំពីលទ្ធភាពនៃការលក់ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ខណៈដែលប្រទេសនេះស្វែងរកអ្នកផ្គត់ផ្គង់ថ្មី។

ក្រុមហ៊ុន Boeing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សារបស់ខ្លួននឹងផ្តោតលើភាពជាដៃគូដែលកំពុងរីកចម្រើនរបស់ខ្លួនជាមួយវៀតណាម និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពអាកាសចរណ៍ និងការពារជាតិរបស់ប្រទេស។

លោក Thanh បាននិយាយថា ក្រុមហ៊ុនភាគច្រើនដែលចូលរួមក្នុងបេសកកម្មអាជីវកម្មនេះ មានវត្តមានអាជីវកម្ម ឬផលិតកម្មនៅក្នុងប្រទេសវៀតណាមរួចហើយ ក្នុងនោះរួមទាំង Apple, Coca-Cola និង PepsiCo ដោយមានផែនការមួយចំនួនដើម្បីពង្រីកវា។

ក្រុមហ៊ុនអាម៉េរិកទាំងនោះ នឹងចូលរួមក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនយោបាយ និងអ្នករៀបចំគោលនយោបាយកំពូលរបស់វៀតណាម រួមទាំងជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ជិញ (Pham Minh Chinh) ផងដែរ។

លោក Thanh​ បាននិយាយទៀតថា ក្នុងចំណោមនោះ​ ក៏មានក្រុមហ៊ុន SpaceX ដែលចង់លក់សេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ខ្លួនទៅឱ្យប្រទេសវៀតណាម និងប្រទេសដទៃទៀតនៅក្នុងតំបន់។

សូមបញ្ជាក់ថា បេសកកម្មនេះក៏នឹងមានការចូលរួមពីក្រុមហ៊ុនផលិតបន្ទះឈីប, ក្រុមហ៊ុនឱសថយក្ស Pfizer និង Johnson & Johnson, ក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Abbott, ក្រុមហ៊ុនហិរញ្ញវត្ថុ Visa និង Citibank, ក្រុមហ៊ុនអ៊ីនធឺណិត, ក្រុមហ៊ុនមេរបស់ហ្វេសបុក Meta និង Amazon Web Services ផងដែរ៕