កត្តាអ្វីខ្លះបណ្តាលឱ្យធនាគារនៅអាម៉េរិកដួលរលំ ហើយអាចក្លាយជាវិបត្តិសកលដូចឆ្នាំ ២០០៨ ដែរឬទេ?

សហរដ្ឋអាម៉េរិក៖ នៅត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២៣ ធនគារមួយចំនួននៅសហរដ្ឋអាម៉េរិក បានចាប់ផ្តើមដួលរលំជាបន្តបន្ទាប់ ។ តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យធនាគារទាំងនោះមិនអាចបន្តដំណើរការបាន ហើយធនគារណាខ្លះនៅសហរដ្ឋអាម៉េរិក មានឈ្មោះនៅក្នុងបញ្ជីជាធនាគារដួលរលំនៅដើមឆ្នាំ២០២៣នេះ? ជុំវិញបញ្ហានេះដែរ ថាតើថ្នាក់ដឹកនាំអាម៉េរិក នឹងចាត់វិធានការបែបណាជាបន្ត ហើយករណីនេះអាចក្លាយជាវិបត្តិហិរញ្ញវត្ថុជាសកលដូចឆ្នាំ ២០០៨ ដែរឬទេ?
យោងតាមគេហទំព័រ បេងរ៉េត (Bankrate) បានចេញផ្សាយពីតារាងធនាគារដួលរលំសម្រាប់ដើមឆ្នាំ២០២៣ នៅក្នុងទឹកដីរបស់សហរដ្ឋអាម៉េរិក មានដូចជា ធនគារ Silicon Valley Bank (SVB) បានដួលរលំនៅថ្ងៃទី១០ ខែមីនា មុនការដួលរលំធនាគារ Signature Bank នៅក្នុងរយៈពេលពីរថ្ងៃក្រោយ ។ ធនាគារបន្ទាប់ដែលប្រកាសដួលរលំគឺធនាគារ Silvergate Bank នេះបើយោងតាមប្រភពមួយផ្សេងទៀត ។
កត្តាគួបផ្សំផ្សេងៗនៃការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាម៉េរិក រួមមាន ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលរបស់សហរដ្ឋអាម៉េរិក, ទីផ្សារភាគហ៊ុនរបស់ធនាគាចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែរងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល, ធនាគារចាត់ចែងលំហូរសាច់ប្រាក់មិនបានត្រឹមត្រូវ, ការមិនទុកចិត្តពីអតិថិជន ឬមានន័យថា អតិថិជនរបស់ធនាគារ នាំគ្នាសម្រុកដកលុយពីធនាគារយ៉ាងគំហុកជាដើម ។
ឧទាហរណ៍ជាក់ស្តែង ក៏ព្រោះតែការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលក្នុងគោលបំណងស្ថិតនៅក្រោមវិធានការមួយដើម្បីទប់ទល់នឹងវិបត្តិអតិផរណា ប៉ុន្តែចុងក្រោយ វាបានក្លាយជារឿងមិនល្អសម្រាប់ធនាគារមួយចំនួននៅអាម៉េរិក ដូចជាធនាគារ SVB ជាដើម ក៏ព្រោះតែ កាលពីពេលមុន ធនាគារ SVB បានទាញយកផលចំណេញជាច្រើនពីលំហូរសាច់ប្រាក់អំឡុងទទួលបានអត្រាការប្រាក់ទាប ។
នៅពេលចាប់ផ្តើមមានកំណើនអត្រាការប្រាក់ លំហូរសាច់ប្រាក់នៅក្នុងទីផ្សារភាគហ៊ុនបច្ចេកវិទ្យាបានចាប់ផ្តើមកាត់បន្ថយ ដូចនេះ កំណើនទីផ្សារមូលបត្រនៅក្នុងវិស័យបច្ចេកវិទ្យាហាក់ជាប់គាំង ឬស្ថិតនៅក្នុងស្ថានភាពយឺតយ៉ាវ ហើយក៏បង្កជាផលប៉ះពាល់ដល់មុខជំនួញរបស់ធនាគារ SVB ខណៈដែលធនាគារនេះផ្តោតសំខាន់ទៅលើការរកស៊ីលើទីផ្សារភាគហ៊ុនជាមួយនឹងក្រុមហ៊ុនបែបបច្ចេកវិទ្យា ។
បញ្ហាមួយផ្សេងទៀត នៅពេលធនាគារកណ្តាលសម្រេចដំឡើងអត្រាការប្រាក់ វាក៏បានបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃមូលបត្របំណុលរយៈពេលវែង ព្រោះថា បច្ចុប្បន្ន តម្លៃមូលបត្របំណុលរយៈពេល ១០ឆ្នាំ របស់រតនាគារអាម៉េរិក អាចផ្តល់ការប្រាក់រហូតដល់ ៣.៩% ខណៈដែលមូលបត្របំណុលរបស់ធនាគារ SVB ចំនួន ២១ពាន់លានដុល្លារ ភាគច្រើនជាមូលបត្របំណុលរបស់រតនាគារអាម៉េរិក អាចផ្តល់ការប្រាក់ត្រឹមតែ ១.៧៩% តែប៉ុណ្ណោះ ។
បន្ទាប់មកទៀត បញ្ហាធ្លាក់ចុះលំហូរវិនិយោគនៅក្នុងវិស័យទីផ្សារភាគហ៊ុនបច្ចេកវិទ្យា បានបណ្តាលឱ្យក្រុមហ៊ុនប្រភេទ start up និងជាអតិថិជនរបស់ធនាគារ SVB ភាគច្រើន នាំគ្នាសម្រេចដកលុយចេញពីធនាគារ បើទោះបីជាពេលមុនពួកគេបានយកលុយជាច្រើនមករក្សាទុកនៅក្នុងធនាគារនេះក៏ដោយ ។ មូលហេតុនៃការសម្រេចដកលុយចេញពីធនាគារដោយក្រុមហ៊ុនប្រភេទ start up ទាំងអស់នេះ ក៏ព្រោះតែដើម្បីបំពេញតម្រូវការជុំវិញលំហូរសាច់ប្រាក់រៀងៗខ្លួន ។
ក្រោយប្រឈមនឹងបញ្ហាសាច់ប្រាក់ដើម្បីចំណាយទៅឱ្យអតិថិជន ធនាគារ SVB ក៏បានបង្ខំចិត្តលក់មូលប័ត្រចំនួន ២១ពាន់លានដុល្លាររបស់ខ្លួន ដោយសុខចិត្តទទួលការខាតបង់តម្លៃមូលប័ត្ររហូតដល់ ១.៨ពាន់លានដុល្លារ ។
នៅថ្ងៃពុធ (ទី៨ ខែមីនា) ធនាគារ SVB បានប្រកាសថា ខ្លួនបានលក់មូលប័ត្របំណុលមួយចំនួនស្ថិតនៅក្រោមការខាតបង់ ។ ទន្ទឹមគ្នានេះ SVB បានបន្ថែមថា ខ្លួនក៏នឹងលក់ភាគហ៊ុនថ្មីចំនួន ២.២៥ ពាន់លានដុល្លារជាបន្ត ដើម្បីរក្សាតារាងតុល្យការជុំវិញតម្រូវការនៃលំហូរសាច់ប្រាក់របស់ខ្លួន។
ពាក់ព័ន្ធនឹងព័ត៌មានអវិជ្ជមានជាបន្តបន្ទាប់របស់ធនាគារ SVB បែបនេះ បានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ SVB ដាំក្បាលចុះក្រោមខ្លាំងបំផុត ដំណាលគ្នានោះ ក៏មិនមាននរណាប្រាថ្នាចង់ទិញភាគហ៊ុនថ្មីដែល SVB ដាក់លក់ដើម្បីបំពេញតម្រូវការនៃលំហូរសាច់ប្រាក់នោះដែរ ។ មិនយូរប៉ុន្មាន អតិថិជនដែលនៅសេសសល់លុយនៅក្នុងធនាគារ ក៏ភ័យរឹតតែខ្លាំង ហើយក៏នាំគ្នាសម្រុកមកដកលុយចេញពីធនាគារ មិនខុសគ្នានឹងទឹកបាក់ទំនប់ប៉ុន្មានឡើយ ។
នៅមួយថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃព្រហស្បតិ៍ ទិន្នន័យបានបង្ហាញថា អតិថិជនបានដកលុយចេញពីធនាគារ SVB រហូតដល់ ៤២ពាន់លានដុល្លារ ខណៈដែលតម្លៃភាគហ៊ុនរបស់ SVB បានធ្លាក់ចុះរហូតដល់ ៦០% ។
នៅព្រឹកថ្ងៃសុក្រ ឬ ៤៨ម៉ោងក្រោយធនាគារ SVB ប្រកាសលក់ភាគហ៊ុនថ្មី ក៏ជាពេលវេលាចុងក្រោយដែលធនាគារមួយនេះមិនអាចបន្តសេវាកម្មរបស់ខ្លួនបានបន្តទៀតឡើយ ដោយការលក់ភាគហ៊ុនត្រូវបានបញ្ឈប់ ស្របពេលដែលអាជ្ញាធរបានបិទទ្វាធនាគារទាំងមូល ដំណាលគ្នានឹងទ្រព្យសម្បត្តិរបស់ធនាគារទទួលបានការចាត់ចែងជាបណ្តោះអាសន្នដោយរដ្ឋាភិបាលសហព័ន្ធអាម៉េរិក ដើម្បីស្តារប្រព័ន្ធធនាគារក្នុងស្រុក ក៏ដូចជារំងាប់អារម្មណ៍ភ័យខ្លាចរបស់សាធារណជន ឬដើម្បីបង្កាសកម្មភាពមួយចំនួនដូចជាចលនាទៅដកលុយនៅធនាគារផ្សេងៗទៀតជាដើម ។
តើវិបត្តិធនាគារនៅអាម៉េរិក អាចបង្កឱ្យមានវត្តមាននៃវិបត្តិហិរញ្ញវត្ថុជាសកលដូចឆ្នាំ២០០៨ដែរឬយ៉ាងណា?
វាអាចនឹងមិនមានរឿងជាអកុសលបែបនោះកើតឡើងនោះទេ ដោយសារតែ ធនាគារ SVB គឺជាប្រភេទធនាគារកម្រិតមធ្យម ។ ភាគច្រើន SVB រកស៊ីជាមួយរាល់ប្រភេទក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ ឬហៅថាក្រុមហ៊ុនប្រភេទ start up តែប៉ុណ្ណោះ ដូចនេះ កម្រិតហានិភ័យជុំវិញវិបត្តិហិរញ្ញវត្ថុគឺនៅមានកំណត់ ឬអាចនិយាយថា វាកើតឡើងនៅតែទឹកដីសហរដ្ឋអាម៉េរិកខ្លួនឯង ហើយក៏មិនទំនងជារីករាលដល់ធនាគារធំៗផ្សេងទៀតដែលស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងរឹងមាំនោះឡើយ ។
ដោយឡែក បញ្ហាចម្បងដែលគេកំពុងព្រួយបារម្ភមួយទៀតនោះ គឺជាអតិថិជនផ្ទាល់តែម្តង ព្រោះថា ប្រសិនបើអតិថិជននៅតែភ័យស្លន់ស្លោ ហើយគិតតែនាំគ្នាសម្រុកទៅដកលុយពីធនាគារ នោះអាចបណ្តាលឱ្យធនាគារមួយដួលរលំបាន ។
តើថ្នាក់ដឹកនាំអាម៉េរិក នឹងចាត់វិធានការបែបណាបន្ត?
ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសធានាអះអាងចំពោះលុយដម្កល់របស់អតិថិជននៅក្នុងធនាគារ ។
ទោះជាយ៉ាងណាក៏ដោយ គេក៏នៅមិនទាន់ប្រាកដនោះទេ ថាការធានាអះអាងនេះ អាចទប់ស្កាត់សកម្មភាពចលាចលណាមួយបានដល់ពេលណាសោះឡើយ ក៏ព្រោះតែ រហូតដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ គេសង្កេតឃើញថា ទីផ្សារភាគហ៊ុននៅគ្រប់ទីកន្លែងនៅតែបន្តធ្លាក់ចុះ ជាពិសេស គឺភាគហ៊ុនរបស់ធនាគារតែម្តង ។
តើមានរឿងអ្វីខ្លះអាចនឹងកើតឡើងជាបន្ត ក្រោយអាជ្ញាធរអាម៉េរិកលូកដៃក្នុងបញ្ហានេះ ដើម្បីបង្ការបញ្ហានេះកុំឱ្យក្លាយជាវិបត្តិរាលដាលបន្តដល់ធនាគារដទៃ?
ពាក់ព័ន្ធនឹងរឿងនេះ គេបារម្ភថា ធនាគារកណ្តាលនឹងសម្រេចផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួន នោះសេដ្ឋកិច្ចរបស់អាម៉េរិកនឹងជាប់គាំង ឬក៏ដើរថយក្រោយ បើបែបនេះ សេដ្ឋកិច្ចនៅតាមបណ្តាទ្វីបដទៃទៀតក៏នឹងប៉ះពាល់ដូចគ្នា ។
ម្យាងវិញទៀត បើសិនធនាគារកណ្តាលសម្រេចបែបនោះមែន ក៏វាមិនមែនជាដំណោះស្រាយក្នុងការបញ្ឈប់បញ្ហានោះដែរ ប៉ុន្តែវានឹងក្លាយជាសម្ពាធបន្ថែមទៀតដល់គ្រប់ក្រុមហ៊ុនប្រភេទ start up បច្ចេកវិទ្យាថ្មីៗ នោះពួកគេនឹងក្លាយជាជនរងគ្រោះខ្លាំងជាងគេបន្ទាប់ពី SVB បិទទ្វា ដោយពួកគេអាចបិទទ្វាទៅតាម SVB ឬក៏អាចកាត់បន្ថយបុគ្គលិក ឬក៏បញ្ចប់គម្រងស្រាវជ្រាវថ្មីៗបន្ថែមទៀត ក៏ព្រោះតែមិនមានសាច់ប្រាក់សម្រាប់បង្វិលចេញពីក្នុងធនាគារ មានន័យថា ការដួលរលំរបស់ធនាគារ SVB បានក្លាយជារឿងអវិជ្ជមានថ្មីមួយដែលនាំឱ្យមានការបំបាក់ស្មារតីដល់ក្រុមហ៊ុនប្រភេទ start up មិនឱ្យចាប់ផ្តើមមុខជំនួញ ឬក៏បង្កើតក្រុមហ៊ុនថ្មីៗទៀតឡើយ ៕
ប្រែសម្រួលសង្ខេប៖ ឡេង លាងហេង
ប្រភព៖ CNN/ CNBC/ Aljazeera/ Bankrate/ Cryptopolitan
